(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកបានចាប់ផ្តើមទទួលយក អាវុធនុយក្លេអ៊ែរតាក់ទិចរបស់រុស្ស៉ីជាបណ្តើរៗហើយ ក្រោយទីក្រុងមូស្គូបានសម្រេចដាក់ពង្រាយពួកវា នៅក្នុងទឹកដីនៃប្រទេសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ខ្លួនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។
លោក លូកាសិនកូ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងមានមីស៉ីលនិងគ្រាប់បែក ដែលយើងទទួលបានពីរុស្ស៉ីហើយ។ គ្រាប់បែកទាំងនោះមានកម្លាំងខ្លាំងជាង គ្រាប់បែកបរមាណូដែលត្រូវបានទម្លាក់លើទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima) និងណាហ្កាសាគី (Nagasaki) ដល់ទៅ៣ដង»។ ដោយឡែក កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកប្រធានាធិបតីបេឡារុស បានប្រាប់ថា អាវុធនុយក្លេអ៊ែររបស់រុស្ស៉ី នឹងត្រូវដាក់ពង្រាយជាក់ស្តែងនៅលើទឹកដីរបស់ប្រទេសលោក ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
យ៉ាងណាមិញ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីដែលនៅតែជាអ្នកកាន់កាប់សិទ្ធិដដែលដើម្បីគ្រប់គ្រង អាវុធនុយក្លេអ៊ែរតាក់ទិចទាំងនោះ គឺនឹងចាប់ផ្តើមការដាក់ពង្រាយពួកវានៅបេឡារុស ក្រោយមូលដ្ឋានពិសេសសម្រាប់រក្សាទុកពួកវា ត្រូវបានរៀបចំរួចរាល់នៅខ្ទង់ថ្ងៃទី៧-៨ ខែកក្កដាឯណោះ។
គួរបញ្ជាក់ថា វាគឺជាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច លើកដំបូងបំផុតរបស់ទីក្រុងមូស្គូ នៅក្រៅប្រទេសរុស្ស៉ី គិតចាប់តាំងតែពីការដួលរលំនៃសហភាពសូវៀត។ លោក ពូទីន បានប្រកាសពីការយល់ព្រមដាក់ពង្រាយពួកវានៅបេឡារុសកាលពីខែមីនា ឆ្នាំនេះ ហើយលោកបានលើកឡើងថា សហរដ្ឋអាមេរិកបានដាក់ពង្រាយអាវុធប្រភេទនេះ នៅតាមប្រទេសអឺរ៉ុបជាច្រើន អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។ បេឡារុសមានព្រំប្រទល់ជាប់ប្រទេសចំនួន៣ ដែលជាសមាជិកអង្គការណាតូ (NATO) រួមមានលីទុយអានី ឡេតូនី និងប៉ូឡូញ ហើយបេឡារុសក៏នៅជាប់អ៊ុយក្រែនផងដែរ៕