(កៀវ)៖ យោធានិងក្រុមមន្រ្តីប្រចាំមូលដ្ឋានរបស់អ៊ុយក្រែន បានឱ្យដឹងថា កាលពីវេលាយប់ចន្លោះថ្ងៃអង្គារនិងថ្ងៃពុធនេះ ការវាយប្រហារ​ដោយមីស៉ីលរបស់រុស្ស៉ី បានត្រូវចំលើអគារស៉ីវិលមួយចំនួន ស្ថិតនៅទីក្រុងអូដេសា (Odesa) ដែលនៅជាប់សមុទ្រខ្មៅ ហើយនិងតំបន់ ដូណេត (Donetsk) ដែលនៅភាគខាងកើតអ៊ុយក្រែន ដោយបានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោចចំនួន៦នាក់។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

យោធាអ៊ុយក្រែនបានអះអាងថា រុស្ស៉ីបានបាញ់មីស៉ីលគ្រូស៤គ្រាប់មកលើទីក្រុង Odesa ខណៈមីស៉ីល២គ្រាប់ ត្រូវបានកម្ទេច មុនពេល​ហោះទៅដល់គោលដៅរបស់ពួកវា។ ជាលទ្ធផលនៃការវាយប្រហារនិងការបាញ់ស្ទាក់មីស៉ីល សំណង់អគារស៉ីវិលមួយចំនួនបានរងការខូចខាត។ មនុស្សចំនួន៣នាក់បានស្លាប់ ពេលកំពុងធ្វើការនៅឃ្លាំងស្តុកទំនិញ របស់ផ្សារទំនើបមួយ ហើយ៧នាក់បានរងរបួស។ រីឯក្នុងការវាយប្រហារ​ដាច់ដោយឡែកមួយទៀត មីស៉ីលរបស់រុស្ស៉ីបានសម្លាប់មនុស្ស៣នាក់ នៅតំបន់ដូណេត ក្នុងនោះ២នាក់ នៅទីក្រុងក្រាម៉ាទ័ស (Kramators) និងម្នាក់នៅទីក្រុងកូស្ទានទីនីវកា (Kostiantynivka) ហើយអគារស៉ីវិលជាច្រើនខ្នងនៅទីក្រុងទាំងពីរ ក៏បានរងការខូចខាតនិងបំផ្លិចបំផ្លាញ ផងដែរ។ បើតាមការអះអាងរបស់កងទ័ពអាកាសអ៊ុយក្រែន ពួកគេកម្ទេចបានមីស៉ីលសរុប៣គ្រាប់ និងដ្រូន៩គ្រឿង កំលុងការវាយប្រហារថ្មី​ចុងក្រោយរបស់រុស្ស៉ី។

គួរបញ្ជាក់ថា កាលពីវេលាយប់ចន្លោះថ្ងៃចន្ទ-អង្គារសប្តាហ៍នេះ រុស្ស៉ីបានបាញ់មីស៉ីលវាយប្រហារ ហើយផ្តាច់ជីវិតមនុស្សយ៉ាងហោច១២នាក់ នៅទីក្រុង គ្រីវីរា (Kryvyi Rih) ដែលជាស្រុកកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បន្ទាប់ពីអគារស្នាក់នៅ​មួយខ្នងកម្ពស់៥ជាន់ ត្រូវមីស៉ីលធ្លាក់ចំ ហើយមនុស្សរាប់សិបនាក់ទៀត បានរងរបួស។ ការវាយប្រហារតាមផ្លូវអាកាសទាំងនេះកើតឡើង ស្របពេលដែលអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយបក ដើម្បីព្យាយាមដណ្តើមយកមកវិញ នូវទឹកដីរបស់ខ្លួនដែលរុស្ស៉ីបានកាន់កាប់ គិតចាប់តាំងពីការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២៕