(ប៉េកាំង)៖ នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក របស់លោក គឺលោក អាន់តូនី ប៊្លីនខិន (Antony Blinken) ហើយលោក ឈិន បានប្រាប់លោក ប៊្លីនខិន ថា សហរដ្ឋអាមេរិកគួរតែ​ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនតទៀត និងគោរពក្តីកង្វល់ស្នូលរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន កំលុងជំនួបខាងលើ លោកប្រមុខការទូតចិន បាននិយាយយ៉ាងដូច្នេះថា «ចាប់តាំង​ពីដើមឆ្នាំនេះមក ទំនាក់ទំនងចិន-អាមេរិកបានប្រឈមមុខជាមួយឧបសគ្គនិងបញ្ហាប្រឈមថ្មីៗ ប៉ុន្តែវាច្បាស់ណាស់ថា ពួកវាត្រូវបានបង្កឡើងដោយ​ភាគីខាងណា។ ចិនតែងតែសម្លឹងមើលនិងគ្រប់គ្រង ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយស្របទៅតាមគោលការណ៍ នៃការគោរពគ្នា​ទៅវិញទៅមក ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះៗ ដែលដាក់ចេញដោយប្រធានាធិបតីចិន លោក ស៉ី ជិនពីង»

បន្ថែមពីនេះលោក ឈិន បានបន្តថា អាមេរិកគួរតែបញ្ឈប់ការព្យាយាមជ្រៀតជ្រែកមកលើ កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយគោរពក្តីកង្វល់ស្នូលរបស់ចិន ដូចជាបញ្ហាតៃវ៉ាន់ជាដើម។ លោករដ្ឋមន្រ្តីការបរទេសចិនសង្ឃឹមថា ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង អាចសម្រុះសម្រួលគ្នា ហើយដោះស្រាយការខ្វែងគំនិតផ្សេងៗ ព្រមទាំងលើកកម្ពស់ការទាក់ទងនិងកិច្ចសហប្រតិបត្តិការ។ លោក ឈិន ក៏រំពឹងផងដែរថា ទំនាក់ទំនងចិន-អាមេរិក នឹងទទួលបានស្ថិរភាព ហើយវិលត្រឡប់ទៅរកគន្លងផ្លូវអភិវឌ្ឍ ដែលនឹងនរហើយមានមូលដ្ឋាន​ត្រឹមត្រូវឡើងវិញ។

គួរបញ្ជាក់ថា ជំនួបតាមទូរស័ព្ទរវាងលោក ឈិន និងលោក ប៊្លីនខិន កើតឡើង មុនពេលលោករដ្ឋមន្រ្តីការបរទេសអាមេរិក ត្រូវគេរំពឹងថា ធ្វើដំណើរ​មកកាន់ទីក្រុងប៉េកាំង នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ កាលពីខែកុម្ភៈ ឆ្នាំនេះ លោក ប៊្លីនខិន បានលុបចោលផែនការបំពេញទស្សនកិច្ច ដែលត្រូវបានគ្រោងទុកជាមុន មកកាន់ប្រទេសចិន ក្រោយឧប្បត្តិហេតុវត្តមានបាឡុងរយៈកម្ពស់ខ្ពស់ ដែលទីក្រុងវ៉ាស៉ីនតោនចោទថា ជាបាឡុងចារកម្ម​របស់ចិន នៅលើដែនអាកាសរបស់សហរដ្ឋអាមេរិក។

ផែនការទស្សនកិច្ចកាលពីខែកុម្ភៈ គឺជាផ្នែកនៃការព្រមព្រៀងរវាងលោក ស៉ី ជិនពីង ហើយនិងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានជួបមុខគ្នានៅប្រទេសឥណ្ឌូណេស៉ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមគោលដៅបន្ធូរ​បន្ថយភាពតានតឹងកុំឱ្យវាកើនឡើងខ្លាំង រហូតគ្រប់គ្រងលែងបាន ដោយក្នុងនោះរួមមានទាំងការសម្រេចចាត់ឱ្យលោក ប៊្លីនខិន ធ្វើដំណើរ​មកកាន់ទីក្រុងប៉េកាំង៕