(តូក្យូ)៖ សមាជិកម្នាក់នៃកងកម្លាំងស្វ័យការពារ (SDF) របស់ប្រទេសជប៉ុន ត្រូវបានចាប់ខ្លួននៅថ្ងៃពុធនេះ ក្រោយឧប្បត្តិហេតុបាញ់ប្រហារមួយ ដែលបានបណ្តាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា ជនសង្ស័យដែលមានអាយុ១៨ឆ្នាំ បានប្រើប្រាស់កាំភ្លើងប្រភេទស្វ័យប្រវត្តិ បាញ់ទៅលើសមាជិកកងកម្លាំង SDF ៣នាក់ផ្សេងទៀត ហើយបានធ្វើឱ្យពួកគេទទួលរងរបួស។ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះ ក៏ប៉ុន្តែ២នាក់បានស្លាប់ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក។
លោក ហ៉ីរ៉ូកាហ៊្សុ ម៉ាត់ស៊ូណូ (Hirokazu Matsuno) អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បាននិយាយថា ឧប្បត្តិហេតុខាងលើបានកើតឡើង កាលពីវេលាម៉ោងខ្ទង់៩ព្រឹកថ្ងៃពុធនេះ នៅកន្លែងហាត់បាញ់កាំភ្លើងរបស់កងកម្លាំង SDF ស្ថិតក្នុងទីក្រុងហ៉ីណូ (Hino) នៃខេត្តហ្គិហ្វូ (Gifu)។ ចំណែកអ្នកនាំពាក្យ SDF បានប្រាប់ថា គ្រាប់កាំភ្លើងសរុបចំនួន៨គ្រាប់ ត្រូវបានបាញ់កំលុងពេលកើតហេតុ។
គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK សមាជិកកងកម្លាំង SDF ដែលជាជនរងគ្រោះ រួមមានបុរសម្នាក់ស្ថិតក្នុងវ័យខ្ទង់៥០ឆ្នាំ និង២នាក់ទៀតស្ថិតក្នុងវ័យ២០ឆ្នាំ ហើយពុំមានសេចក្តីរាយការណ៍ អំពីជនស៉ីវិលទទួលរងរបួសឬបាត់បង់ជីវិតឡើយ នៅក្នុងឧប្បត្តិហេតុនេះ៕