(យូអិន)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា ចំនួនមនុស្សភៀសខ្លួននៅជុំវិញពិភពលោកបានកើនឡើងដល់ ១១០លាននាក់ ដែលក្នុងនោះកត្តាសង្គ្រាមនៅអ៊ុយក្រែន និងនៅស៊ូដង់បានបង្ខំមនុស្សរាប់លាននាក់ចាកចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

UNHCR បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃពុធនេះថា មនុស្សប្រហែល ១៩លាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនកាលពីឆ្នាំ២០២២ ដែលជាការកើនឡើងប្រចាំឆ្នាំក្នុងចំនួនដ៏ច្រើនបំផុតនៅលើកំណត់ត្រាគឺមានចំនួនសរុប ១០៨.៤លាននាក់ គិតត្រឹមចុងឆ្នាំ២០២២។

គិតចាប់តាំងពីពេលនោះមកចំនួននេះ បានកើនឡើងដល់ ១១០លាននាក់ ដែលភាគច្រើនដោយសារតែជម្លោះរយៈពេល ៨សប្តាហ៍របស់ប្រទេសស៊ូដង់។ នេះ​ក៏រួមបញ្ចូល​ទាំង​អ្នក​ដែល​ស្វែង​រកកន្លែង​សុវត្ថិភាព​ក្នុង​ប្រទេស​របស់​ពួកគេ ក៏​ដូច​ជា​អ្នក​ដែល​បាន​ឆ្លង​ដែនទៅក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា មុនជម្លោះស៉ីរីក្នុងឆ្នាំ ២០១១ មានជនភៀសខ្លួនប្រហែល ៤០លាននាក់ប៉ុណ្ណោះ ហើយមានស្ថេរភាពអស់រយៈពេលប្រហែល ២០ឆ្នាំ ប៉ុន្តែចំនួនបានកើនឡើងជារៀងរាល់ឆ្នាំចាប់តាំងពីពេលនោះមក៕