(ម៉ៃឌូហ្គូរី)៖ ក្រុមមន្ត្រី និងអ្នកស្រុក បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សចំនួន ៥០នាក់បានលង់ទឹកស្លាប់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកផ្ទុកលើសទម្ងន់មួយគ្រឿងបានក្រឡាប់ នៅឯភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។

បើតាមអ្នកស្រុក ទូកឈើដែលក្រឡាប់នោះបានជួយដឹកមនុស្សឆ្លងទន្លេដើម្បីទៅកាន់រដ្ឋក្វារ៉ា (Kwara) បន្ទាប់ពីចូលរួមពិធីមង្គលការមួយ ក្រោយមកក៏បានលិចកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ។ គេមិនទាន់ដឹងច្បាស់ទេថាមានមនុស្សប៉ុន្មាននាក់នៅលើទូកនោះ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋបាលរដ្ឋក្វារ៉ា បានឲ្យដឹងថា មានប្រជាជនមកពីភូមិចំនួន ៥ ហើយកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតកំពុងដំណើរការនៅឡើយ។

គួរបញ្ជាក់ថា ដោយសារតែភ័យខ្លាចចំពោះការចាប់ពង្រត់ពីសំណាក់ប្រដាប់អាវុធនៅតាមដងផ្លូវ ពលរដ្ឋនីហ្សេរីយ៉ាខ្លះបានប្រើទូកជាមធ្យោបាយធ្វើដំណើរទៅកាន់ទីតាំងដែលស្ថិតនៅក្បែរតំបន់នោះ។ យ៉ាងនេះក្តី ភាពចង្អៀតណែន និងការគ្រប់គ្រងសុវត្ថិភាពមិនបានល្អ នាំឲ្យមានគ្រោះថ្នាក់ភាគច្រើននៅលើផ្លូវទឹករបស់នីហ្សេរីយ៉ា៕