(វ៉ាស៉ីនតោន)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯសេតវិមានកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រោមការជួយជ្រោមជ្រែងយ៉ាងសស្រាក់សស្រាំពីលោកខាងលិច អ៊ុយក្រែនកំពុងតែបង្កើតភាពរីកចម្រើន នៅក្នុងប្រតិបត្តិការវាយបកដើម្បីរុញច្រានកងកម្លាំងរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។
លោក ស្តូលថិនបឺគ ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន មុនកិច្ចប្រជុំកំពូល NATO នៅឯប្រទេសលីទុយអានីនាខែកក្កដាខាងមុខ បានបង្ហាញពីទស្សនៈរបស់លោក ចំពោះកិច្ចប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការកែប្រែស្ថានការណ៍នៃសង្រ្គាមជាមួយរុស្ស៉ី។ ក្នុងជំនួបជាមួយលោក បៃដិន លោក ស្តូលថិនបឺគ បានលើកឡើងដូច្នេះថា «អ៊ុយក្រែនកំពុងតែបង្កើតភាពរីកចម្រើន, កំពុងតែរុលឆ្ពោះទៅមុខ។ ទឹកដីកាន់តែច្រើន ដែលអ៊ុយក្រែនអាចរំដោះបានមកវិញ នឹងជួយអ៊ុយក្រែនឱ្យប្រៀបនៅក្នុងតុចរចាជាមួយរុស្ស៉ី ទៅតាមនោះដែរ»។ លោកបានបង្ហាញក្តីសង្ឃឹមថា ការវាយបករបស់អ៊ុយក្រែន នឹងអាចបង្ខំឱ្យរុស្ស៉ីងាកមករកការចរចាគ្នាវិញ ដើម្បីរកផ្លូវបញ្ចប់សង្រ្គាម។
គួរបញ្ជាក់ថា លោក បៃដិន បានបានបង្ហាញស្វាគមន៍ ចំពោះទស្សនៈរបស់ប្រមុខអង្គការ NATO ដែលនឹងត្រូវចុះចេញពីតំណែងក្នុងឆ្នាំនេះ បន្ទាប់ពីអាណត្តិរបស់លោកបញ្ចប់ទៅនៅខែតុលា។ លោកប្រធានាធិបតីអាមេរិក បាននិយាយថា ប្រតិកម្មរបស់អង្គការ NATO ចំពោះការឈ្លានពានរបស់រុស្ស៉ី បានធ្វើឱ្យបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ កាន់តែមានភាពរឹងមាំថែមទៀត៕