(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរីយូស (Boris Pistorius) បានប្រាប់កាសែតអាល្លឺម៉ង់នៅថ្ងៃអង្គារនេះថា ទីក្រុងបែរឡាំងមិនអាចផ្គត់ផ្គង់រថក្រោះ Leopard 2 ឲ្យអ៊ុយក្រែនយកទៅជំនួសរថក្រោះ ដែលរងការខូចខាតក្នុងសមរភូមិនោះទេ ប៉ុន្តែនឹងបន្តផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

លោក ភីស្តូរីយូស បានគូសបញ្ជាក់ថា «ជាធម្មតាការធ្វើសង្រ្គាម ត្រូវតែមានមនុស្សស្លាប់ និងអាវុធត្រូវបានបំផ្លាញ។ យើងមិនអាចដាក់ជំនួសរថក្រោះទាំងអស់នោះបានទេ។ ប៉ុន្តែនេះជាមូលហេតុដែលការគាំទ្ររបស់យើង ចំពោះអ៊ុយក្រែន គឺមានសារៈសំខាន់»។ លោក ភីស្តូរីយូស បានបន្ថែមថា «អ្វីដែលយើងនឹងធ្វើគឺបង្កើនការផ្គត់ផ្គង់រថក្រោះ Leopard 1A5 ដែលបានជួសជុលហើយ ដោយចាប់ផ្តើមពីខែកក្កដា។ វាមានច្រើនជាង ១០០គ្រឿងគិតត្រឹមចុងឆ្នាំ ២០២៣នេះ»

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តបញ្ជូនរថក្រោះ Leopard 1A5 ចំនួន ១៧៨គ្រឿងទៅកាន់ទីក្រុងកៀវ។ បើតាមក្រសួងការពារជាតិរុស្ស៉ី កងទ័ពអ៊ុយក្រែនបានបាត់បង់រថក្រោះចំនួន ៩គ្រឿងដែលរួមមានទាំងរថក្រោះ Leopards និងរថពាសដែកប្រយុទ្ធ១១គ្រឿង ដែលរួមមានទាំង Bradley IFV ផលិតដោយសហរដ្ឋអាមេរិក នៅភាគខាងត្បូងនៃតំបន់ដូណេត និងហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា៕