(ប៉េកាំង)៖ នៅពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហគ្រាសពហុជាតិជាច្រើន ដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន JP MorganChase និងក្រុមហ៊ុន GeneralMotors ជាដើមបាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិន អង្គការអន្តរជាតិជាច្រើនបានជំរុញ នូវសន្ទុះមួយទៀតគឺ ការដំឡើងការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិន ។
បន្ទាប់ពីអង្គការសហប្រជាជាតិនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោកនិងអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD)ក៏បានដំឡើងការប៉ាន់ប្រមាណ ចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិនផងដែរ ។ ហេតុនេះហើយ សេដ្ឋកិច្ចចិនកំពុងទទួលបានទំនុកចិត្តកាន់តែច្រើនពីសំណាក់សហគមន៍អន្តរជាតិ ។
កាលពីថ្ងៃទី ៧ ខែមិថុនា តាមម៉ោងក្នុងតំបន់ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD)បានចេញផ្សាយ «របាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក» ថ្មីបំផុតដោយដំឡើង ការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិនម្តងទៀត ដែលបានដំឡើងការប៉ាន់ប្រមាណ ចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ និង ២០២៤ ដល់ទៅ ៥,៤ ភាគរយនិង ៥,១ ភាគរយដោយឡែកពីគ្នា ។ របាយការណ៍នេះបានសម្គាល់ថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនបាននិងកំពុង ជំរុញសកម្មភាពសេដ្ឋកិច្ចសកល ។
«របាយការណ៍ស្តីពីទស្សនទានសេដ្ឋកិច្ចសកល» ថ្មីបំផុតដែលធនាគារពិភពលោកចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះ ក៏បានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនផងដែរ ដែលសម្រួលដំឡើងការប៉ាន់ប្រមាណចំពោះ កំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ ចំនួន ១,៣ ភាគរយ ។ ធនាគារពិភពលោកបានលើកឡើងថា នៅដើមឆ្នាំ ២០២៣ ដោយសារតម្រូវការដែលទទួលការរឹតបន្តឹងក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ ១៩ ត្រូវបានបញ្ចេញថែមមួយកម្រិតទៀត ហើយបានជំរុញការប្រើប្រាស់ បានជាកំណើនសេដ្ឋកិច្ចរបស់ចិន បាននិងកំពុងស្តារឡើងវិញយ៉ាងខ្លាំងក្លា ។ ជាពិសេសគឺ កំណើននៃការចំណាយខាងសេវាកម្ម តាមការប៉ាន់ប្រមាណ ល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៣ នឹងងើបឡើងវិញរហូតដល់ ៥,៦ ភាគរយ ។
នៅពេលមុននេះ អង្គការសហប្រជាជាតិនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) សុទ្ធតែបានដំឡើងការប៉ាន់ប្រមាណ ចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិន ។ អង្គការសហប្រជាជាតិ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារពិភពលោកនិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍(OECD) បាននាំគ្នាបង្ហាញពីសុទិដ្ឋិនិយមចំពោះ អនាគតនៃកំណើនសេដ្ឋកិច្ចរបស់ចិនតាមរយៈសកម្មភាពដំឡើង ការប៉ាន់ប្រមាណចំពោះអត្រាកំណើននៃសេដ្ឋកិច្ច ។ ការប៉ាន់ប្រមាណរបស់អង្គការអន្តរជាតិទាំង ៤ នេះចំពោះអត្រាកំណើននៃសេដ្ឋកិច្ចរបស់ចិន សុទ្ធតែខ្ពស់ជាងគោលដៅ តាមការប៉ាន់ប្រមាណប្រហែល ៥ ភាគរយដែលបានកំណត់ ក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ។
នៅថ្ងៃដដែលដែលអង្គការ OECD បានសម្រួលដំឡើងការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន អគ្គនាយកដ្ឋានគយចិនបានចេញផ្សាយទិន្នន័យនាំចេញនាំចូល របស់ប្រទេសចិនក្នុងរយៈពេលពីខែមករាដល់ខែឧសភាឆ្នាំនេះ ដោយបានបង្ហាញឱ្យឃើញថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទំហំពាណិជ្ជកម្មខាងការនាំចេញនាំចូល សរុបរបស់ចិនមានចំនួន ១៦,៧៧ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៤,៧ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ក្នុងនោះ ការនាំចេញមានចំនួន ៩,៦២ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៨,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ឯការនាំចូលមានចំនួន ៧,១៥ ទី្រលានយាន់ប្រាក់ចិន ដែលបានកើនឡើង ០,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ប្រឈមមុខនឹងការសាកល្បងដែលតម្រូវការក្រៅប្រទេសត្រូវបានកាត់បន្ថយ ភាពធន់នៃពាណិជ្ជកម្មជាមួយបរទេសរបស់ ប្រទេសចិនបានលេចឡើងជាបន្តបន្ទាប់ ក៏ដូចជារចនាសម្ព័ន្ធនៃទំហំនាំចេញផែ្នកពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន បន្តបានត្រូវកែលម្អជាបន្តបន្ទាប់ ហើយទីផ្សារងើបឡើងថ្មីកំពុងក្លាយជាចំណុចកំណើនថ្មី សម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។
នាពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី «Entreprendre» របស់បារាំងបានផ្សាយដំណឹងថា ទោះបីជាហានិភ័យនៃមុខរបរធនាគារ និងការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងនៃអឺរ៉ុបនិងអាមេរិក បានបង្កើនសម្ពាធនៃការធ្លាក់ចុះរបស់សេដ្ឋកិច្ចសកលក៏ដោយ ក៏ប៉ុន្តែការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ចិន នៅតែមានកត្តាដ៏មានអំណោយផលជាច្រើន ពោលគឺ ទីមួយ តម្រូវការនៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិន ដូចជាអាស៊ានជាដើមបានរក្សាភាពនឹងនរ ទីពីរ រចនាសម្ព័នក្នុងតំបន់និងរចនាសម្ព័ន ផលិតផលនៃការនាំចេញរបស់ចិនមានភាពសមហេតុផលពីមួយថ្ងៃទៅមួយថ្ងៃ ទីបី ទំនាក់ទំនងទៅមករវាងបុគ្គលិក កាន់តែមានភាពងាយស្រួលនិងការឆ្នៃប្រឌិតថ្មី ផ្នែកពាណិជ្ជកម្មមានភាពស៊ីជម្រៅជាបន្តបន្ទាប់ ដែលនឹងនាំមកនូវកម្លាំងចលករកាន់តែច្រើន សម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។
នាពេលបច្ចុប្បន្ននេះ សហគ្រាសមកពីប្រទេសអឺរ៉ុបមួយចំនួន ដែលបូករួមទាំងប្រទេសអាល្លឺម៉ង់ផងដែរ នៅតែស្វែងរកការប្រាស្រ័យទាក់ទងគ្នាជាមួយសហគ្រាសចិនដដែល ។ តាមការផ្សាយដំណឹងរបស់វេបសាយ"Hungary Today" នាពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសនិងសេដ្ឋកិច្ចចំពោះ បរទេសនៃហុងគ្រីបានអះអាងថា លោកតែងតែបានទទួលសំណើរ ពីក្រុមហ៊ុនអឺរ៉ុបឱ្យនាំចូលផលិតផលរបស់ចិន ។ តាមការផ្សាយដំណឹងនៃទីភ្នាក់សារព័ត៌មាន Reuters ឱ្យដឹងថា លោកស្រី Belén Garijo ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបតិ្តនៃក្រុមហ៊ុន Merck KgaA របស់អាល្លឺម៉ង់បានអះអាងនាពេលថ្មីៗកន្លងទៅនេះថា ការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន នឹងបង់តម្លៃខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។
ពេលថ្មីៗកន្លងទៅនេះ លោក Zhu Haibin សេដ្ឋវិទូកំពូលនៃក្រុមហ៊ុន JP Morgan Chase ប្រចាំនៅប្រទេសចិន បានលើកឡើងក្នុងសនិ្នសីទសារព័ត៌មាន របស់កិច្ចប្រជុំកំពូលសកលនៅប្រទេសចិន នៃក្រុមហ៊ុន JP Morgan Chase ឆ្នាំ ២០២៣ ថា ក្រុមហ៊ុននេះប៉ាន់ប្រមាណថា ល្បឿនកំណើននៃសេដ្ឋកិច្ចចិននៅឆ្នាំ ២០២៣ គឺប្រហែល ៥,៩ ភាគរយ ហើយមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ។
ហេតុអ្វីបានជាសហគ្រាសបរទេសមានទំនុកចិត្ត ក្នុងការពង្រីកទំហំបណ្តាក់ទុននៅប្រទេសចិន ? មួយផ្នែកគឺ អង្គការអន្តរជាតិជាច្រើនបានដំឡើងការប៉ាន់ប្រមាណ ចំពោះអត្រាកំណើននៃសេដ្ឋកិច្ចចិន មួយផែ្នកទៀតគឺ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសហគ្រាសបរទេសជាច្រើន បាននាំគ្នាបំពេញទស្សនកិច្ចនៅប្រទេសចិនដែលផ្តល់ទំនុកចិត្តដល់ទីផ្សារចិន ។
ពេលថ្មីៗកន្លងទៅនេះ លោក Elon Reeve Musk នាយកប្រតិបតិ្តរបស់ក្រុមហ៊ុនរថយន្ត Tesla បានបង្ហាញអាកប្បកិរិយា យ៉ាងសកម្មមួយចំនួនក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសចិនថា "ក្រុមហ៊ុន Tesla ប្រឆាំងនឹង'ការផ្តាច់ទំនាក់ទំនង' ហើយរីករាយបន្តពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសចិន ដើម្បីរួមគ្នាចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ចិន " លោកបាន"កោតសរសើរចំពោះភាពរស់រវើក និងសក្ដានុពលនៃការអភិវឌ្ឍរបស់ចិន ក៏ដូចជាពោរពេញទៅដោយជំនឿចិត្តចំពោះទីផ្សារចិន ហើយរីករាយបន្តធ្វើឲ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក" ។
សូមបញ្ជាក់ថា ការពង្រីកទំហំបណ្តាក់ទុនមិនមែនគ្រាន់តែជានិយាយបានតែមាត់ប៉ុណ្ណោះទេ ថែមទាំងក៏មានសកម្មភាពជាក់ស្តែងផងដែរ ។ កាលពីខែមេសា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន Tesla បានប្រកាសថា គ្រោងនឹងសាងសង់រោងចក្រទំនើបផុតលេខនៅទីក្រុងសៀងហៃ ។ តាមការផ្សាយដំណឹងឱ្យដឹងថា រោងចក្រនឹងមានផែនការផលិតអាគុយផ្ទុកថាមពលពាណិជ្ជកម្មខ្នាតធំរបស់ក្រុមហ៊ុន Tesla ឈ្មោះ Megapack ។ រោងចក្រនេះគ្រោងនឹងបើកការដ្ឋាននៅត្រីមាសទី ៣ ឆ្នាំ ២០២៣ ហើយនឹងដាក់ឱ្យដំណើរការនៅត្រីមាសទីពីរ ឆ្នាំ ២០២៤ ខាងមុខ ។
គួររំលឹកថា យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃក្រុមហ៊ុន Tesla បរិមាណផលិតពេញមួយឆ្នាំនៃរោងចក្រនៅសៀងហៃរបស់ក្រុមហ៊ុន Tesla មានដល់ ៧ សែន ១ ម៉ឺនគ្រឿងនៅឆ្នាំ ២០២២ ដែលលើសពីពាក់កណ្តាលនៃបរិមាណផលិតទូទាំងពិភពលោក ។ ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៣ ក្រុមហ៊ុន Tesla បានផលិតរថយន្តលើសពី ១ សែន ៧ ម៉ឺនគ្រឿងនៅទីផ្សារចិន ដែលបានកើនឡើង ៦១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ។ អ្នកវិភាគបានលើកឡើងថា ទោះបីជាក្រុមហ៊ុនផលិតរថយន្ត ដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិនបាននាំគ្នាងើបឡើង ហើយការប្រកួតប្រជែងក្នុងទីផ្សារ កាន់តែខ្លាំងឡើងពីថ្ងៃមួយទៅថ្ងៃមួយក៏ដោយ ក៏ប៉ុន្តែទីផ្សារចិននៅតែមានសារសំខាន់ណាស់ចំពោះក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនយក្សក្នុងមុខរបរមួយនេះ ។
លោក Laxman Narasimhan នាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Starbucks Global បានលើកឡើងក្នុងអំឡុងពេលបំពេញ ទស្សនកិច្ចនៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះថា ក្រុមហ៊ុន Starbucks បានកំណត់គោលដៅបើកហាងលក់កាហ្វេចំនួន ៩០០០ កន្លែងនៅឆ្នាំ ២០២៥ ខាងមុខ ហើយនឹងបន្តបណ្តាក់ទុននៅប្រទេសចិនតទៅទៀត ។ នាពេលអនាគត ប្រទេសចិននឹងក្លាយជាទីផ្សារធំបំផុត របស់ក្រុមហ៊ុន Starbucks លើទូទាំងពិភពលោក ។ តាមទិន្នន័យបានបង្ហាញថា ពីខែមករា ដល់ខែមេសា ឆ្នាំនេះ ចិនបានប្រើប្រាស់ជាក់ស្តែងនូវទុនបរទេសសរុបជិត ៥ សែនលានយាន់ប្រាក់ចិនដែលបានកើនឡើង ២,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។
យោងតាម «របាយការណ៍សិក្សាស្រាវជ្រាវនិងពិនិត្យអង្កេត អំពីបរិយាកាសប្រកបអាជីវកម្មនៅប្រទេសចិន បស់ទុនបរទេសនៅត្រីមាសទី ១ ឆ្នាំ ២០២៣» ដែលចេញផ្សាយដោយសមាគមជំរុញពាណិជ្ជកម្មចិន កាលពីចុងខែឧសភាបានបង្ហាញឱ្យឃើញថា សហគ្រាសទុនបរទេសដែលចូលរួមផ្តល់ បទសម្ភាសន៍ចំនួនលើសពី ៨០ ភាគរយប៉ាន់ប្រមាណថា អត្រាផលកម្រៃនៃការវិនិយោគ នៅប្រទេសចិននឹងស្មើគ្នាឬកើនឡើងនៅឆ្នាំនេះ ចំណែកឯសហគ្រាសដែលចូលរួមផ្តល់បទសម្ភាសន៍ចំនួន ៩០ ភាគរយប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រាក់ចំណេញនៃការវិនិយោគនៅប្រទេសចិននឹងស្មើគ្នាឬកើនឡើង ។
អង្គការនិងស្ថាប័នអន្តរជាតិជាច្រើន ដូចជា អង្គការសហប្រជាជាតិ ធនាគារពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ជាដើមបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះ អត្រាកំណើននៃសេដ្ឋកិច្ចចិននៅឆ្នាំនេះ ប្រការនេះបានបង្ហាញយ៉ាងពេញលេញ នូវជំនឿចិត្តរបស់សហគមន៍អន្តរជាតិចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ។ សេដ្ឋកិច្ចចិននឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីន ដើម្បីរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន