(ប៉េកាំង)៖ តាមដំណឹងពីគេហទំព័រផ្លូវការរបស់ក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មលើអង្គភាពនិងបុគ្គលចិន ក្រោមលេសពាក់ព័ន្ធនឹងអ៊ីរ៉ង់។

អ្នកសារព័ត៌មានបានសួរថា ពេលថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើអង្គភាព និងបុគ្គលមួយចំនួនរបស់ប្រទេសចិន ក្រោមហេតុផលថាជាប់ពាក់ព័ន្ធនឹងគ្រាប់មីស៊ីលនិងគម្រោងយោធារបស់អ៊ីរ៉ង់។ តើប្រទេសចិនមានការអធិប្បាយយ៉ាងណាដែរចំពោះរឿងនេះ?

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា សហរដ្ឋអាមេរិកបានដាក់បញ្ចូលសហគ្រាស និងបុគ្គលមួយចំនួនរបស់ចិនទៅក្នុង "បញ្ជីកំណត់ជាតិសាសន៍ជាពិសេស(SDN)" ដើម្បីដាក់ទណ្ឌកម្ម ក្រោមលេសជាប់ពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ។ ប្រទេសចិនប្រឆាំងនឹងរឿងនេះ។ ទង្វើរបស់សហរដ្ឋអាមេរិកខ្វះភស្តុតាងជាក់ស្តែង និងមិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ វាបានប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនិងបុគ្គលចិន។ ភាគីអាមេរិកគួរតែបញ្ឈប់ការគាបសង្កត់ ដោយមិនសមហេតុផលទៅលើសហគ្រាសនិងបុគ្គលចិន។ ប្រទេសចិននឹងចាត់វិធានការជាចាំបាច់ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់ នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសនិងបុគ្គលចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន