(មូស្គូ)៖ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា មនុស្សយ៉ាងហោចចំនួន៦នាក់ បានបាត់បង់ជីវិតក្នុងការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ី នៅថ្ងៃអង្គារនេះ ដែលត្រូវចំលើអគារស្នាក់នៅមួយខ្នង ស្ថិតក្នុងទីក្រុងគ្រីវីរា (Kryvyi Rih) ដែលជាទីកន្លែងកំណើត របស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។
ការវាយប្រហារខាងលើបានកើតឡើង កាលពីវេលាមុនព្រឹកព្រលឹមថ្ងៃអង្គារនេះ ខណៈបើតាមក្រុមមន្រ្តីអ៊ុយក្រែន មនុស្សយ៉ាងហោចចំនួន ២៥នាក់បានរងរបួស ហើយអាចមានអ្នកដទៃទៀត នៅជាប់ក្រោមគំនរបាក់បែករបស់អគារ។ អគារអាផាតមិនដែលត្រូវមីស៉ីលរុស្ស៉ីបាញ់ចំនោះ មានកម្ពស់សរុប៥ជាន់។ ចាប់តាំងពីបើកការឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៉ីបានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ ទៅលើទីក្រុងនានាពាសពេញអ៊ុយក្រែន ប៉ុន្តែបានប្រកាន់ជំហរបដិសេធជានិច្ចថា ខ្លួនមិនបានកំណត់គោលដៅលើជនស៉ីវិលឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ សំឡេងស៉ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងនៅទូទាំងប្រទេសអ៊ុយក្រែន ខណៈយោធាអ៊ុយក្រែនបានអះអាងថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានកម្ទេចមីស៉ីលទាំងអស់របស់រុស្ស៉ី ដែលបាញ់សំដៅមកលើរដ្ឋធានីកៀវ។ បើតាមយោធាអ៊ុយក្រែន មីស៉ីសគ្រូសរុស្ស៉ី១០គ្រាប់ ក្នុងចំណោម១៤គ្រាប់ ដែលបាញ់មកលើអ៊ុយក្រែន ព្រមទាំងយន្តហោះដ្រូន៤គ្រឿងដែលផលិតដោយអ៉ីរ៉ង់ ត្រូវបានកម្ទេច។ ការវាយប្រហារតាមផ្លូវអាកាសថ្មីចុងក្រោយនេះ កើតមានឡើង ខណៈដែលអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយបកលើកងកម្លាំងរុស្ស៉ី ដើម្បីព្យាយាមដណ្តើមទឹកដីបន្ថែមយកមកវិញ៕