(ប៉េកាំង)៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាប់បាស់ (Mahmud Abbas) បានធ្វើដំណើរមកដល់ទីក្រុងប៉េកាំងនាថ្ងៃអង្គារនេះ បន្ទាប់ពីចិនបានបង្ហាញការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួយសម្របសម្រួលកិច្ចពិភាក្សា ដើម្បីស្វែងរកសន្តិភាពរវាងប៉ាឡេស្ទីននិង​អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា កំលុងទស្សនកិច្ច លោក Abbas នឹងជួបជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ឈាំង (Li Qiang) ព្រមទាំងជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង (Xi Jinping)។ បើតាម Wafa ក្នុងជំនួបជាមួយលោក ស៉ី មេដឹកនាំទាំងពីរនឹងដោះដូរទស្សនៈគ្នាទៅវិញទៅមក ជុំវិញស្ថានការណ៍វិវឌ្ឍន៍ចុងក្រោយពាក់ព័ន្ធប៉ាឡេស្ទីន ក៏ដូចជាជុំវិញបញ្ហាក្នុងតំបន់និងអន្តរជាតិ ដែលជាក្តីកង្វល់រួមសម្រាប់ប៉ាឡេស្ទីននិងចិន។

កាលពីខែមេសាកន្លងទៅ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) បាននិយាយប្រាប់សមភាគីអ៉ីស្រាអែល និងប៉ាឡេស្ទីនរបស់លោកថា ប្រទេសចិនស្ម័គ្រចិត្តផ្តល់ការជួយជ្រោមជ្រែងដល់ ដំណើរការចរចាសន្តិភាពរវាងភាគីទាំងពីរ ដែលបានបន្តជាប់គាំងតាំងតែពីឆ្នាំ២០១៤ រហូតមក។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ លោក ស៉ី ជិនពីង បានបំពេញទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត ក្នុងដំណើរទស្សនកិច្ចមួយ ដែលបានមើលឃើញរូបលោក ជួបពិភាក្សាគ្នាជាមួយលោក Abbas ហើយបានសន្យាប្រឹងប្រែងជួយស្វែងរកដំណោះស្រាយមួយ ដែលឆាប់រហ័ស យុត្តិធម៌ និងរឹងមាំយូរអង្វែង សម្រាប់បញ្ហាប៉ាឡេស្ទីន៕