(វ៉ាស៉ីនតោន)៖ កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ យោធាសហរដ្ឋអាមេរិកបានឱ្យដឹងថា កងទ័ពរបស់ខ្លួនចំនួន២២នាក់បានទទួលរងរបួស ក្នុងឧបទ្ទវហេតុពាក់ព័ន្ធឧទ្ធម្ភាគចក្រ នៅភាគឦសានប្រទេសស៉ីរី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ខណៈមិនមានការបញ្ជាក់ច្បាស់អំពី​ដើមចមនៃឧបទ្ទវហេតុនោះ ឬក៏កម្រិតធ្ងន់ធ្ងរនៃស្ថានភាពកងទ័ព ដែលរងរបួសឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ទីបញ្ជាការដ្ឋានកណ្តាល CENTCOM ដែលទទួលខុសត្រូវលើកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា បាននិយាយថា ទាហានចំនួន១០នាក់ ត្រូវបាន​ជម្លៀសចេញទៅកាន់ កន្លែងសង្រ្គោះព្យាបាលកម្រិតខ្ពស់ ដែលនៅក្រៅតំបន់។ បើតាម CENTCOM គឺមិនមានការបាញ់ប្រហារ​ពីសត្រូវ ត្រូវបានរាយការណ៍នោះឡើយ ខណៈមូលហេតុ នៃឧបទ្ទវហេតុនេះ កំពុងតែស្ថិតក្រោមការស៉ើបអង្កេត។ កាលពីខែមីនា ឆ្នាំនេះ កងទ័ពអាមេរិកចំនួន ២៥នាក់បានរងរបួស ក្នុងការវាយប្រហារនៅប្រទេសស៉ីរី ដែលបានសម្លាប់បុគ្គលិកក្រុមហ៊ុនការពារជាតិអាមេរិក​ម្នាក់ និងបង្កឱ្យម្នាក់ទៀតរងរបួស។

គួរបញ្ជាក់ថា កងទ័ពអាមេរិកត្រូវបានដាក់ពង្រាយទៅកាន់ស៉ីរី កាលពីអំលុងរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងក្រុមភេរវករ ISIS។ បច្ចុប្បន្ន មានកងទ័ពអាមេរិកប្រហែល៩០០នាក់ កំពុងស្ថិតនៅទីនោះ ដែលភាគច្រើននៅភាគខាងកើតប្រទេសស៉ីរី ក្នុងបេសកកម្មបោសសំអាតសមាជិក ISIS ដែលនៅសេសសល់។ យ៉ាងណាក្តី ប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពអាមេរិកនៅប្រទេសស៉ីរី បានរងការវាយប្រហារកាន់តែញឹកញាប់ឡើង ពីសំណាក់ក្រុមកងជីវពលដែលគាំទ្រដោយប្រទេសអ៉ីរ៉ង់់។

ការគំរាមកំហែងរបស់ក្រុមកងជីវពលដែលគាំទ្រដោយអ៉ីរ៉ង់ មកលើកងទ័ពអាមេរិក គឺជាសញ្ញាក្រើនរំលឹកមួយនៃភូមិសាស្រ្តនយោបាយដ៏​ស្មុគស្មាញ របស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ជាទីដែលប្រធានាធិបតីស៉ីរី លោក បាស្សារ អាល់អាស្សាដ (Bashar al-Assad) ពីងផ្អែកលើការគាំទ្រពីអ៉ីរ៉ង់និងរុស្ស៉ី ហើយចាត់ទុកទាហានអាមេរិក ជាកងកម្លាំងដែលមកត្រួតត្រាលើប្រទេសរបស់ខ្លួន៕