(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះ ចិនបានចាប់ផ្តើមការធ្វើសមយុទ្ធយោធារបស់ខ្លួន ក្នុងតំបន់សមុទ្រចិនខាងកើត នៅភាគខាងជើងកោះតៃវ៉ាន់ ដែលរួមមានទាំងលំហាត់បាញ់គ្រាប់ពិត ចេញពីនាវាចម្បាំងផងដែរ ខណៈសហរដ្ឋអាមេរិកបាននិងកំពុងបន្តធ្វើសមយុទ្ធយោធា ជាមួយសម្ព័ន្ធមិត្តនៅឯតំបន់ភាគខាងលិចប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។
ទីភ្នាក់ងារសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិន បានប្រកាសដាក់ចេញនូវតំបន់គ្មានការធ្វើនាវាចរណ៍ ចាប់ពីវេលាព្រឹកដល់រសៀលថ្ងៃអង្គារនេះ សម្រាប់តំបន់មួយ នៅក្បែរឆ្នេរទីក្រុងតៃចូវ (Taizhou) នៃខេត្តចេជាំង (Zhejiang) ដើម្បីឱ្យនាវាចម្បាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ រីឯលំហាត់យោធាដទៃទៀតនៅម្តុំតំបន់ដូចគ្នានោះ នឹងបន្តប្រព្រឹត្តទៅរហូតដល់ល្ងាចថ្ងៃដដែល។ ក្រៅពីនេះ យោធាចិនក៏នឹងធ្វើសមយុទ្ធដាច់ដោយឡែក នៅទីតាំងផ្សេងមួយទៀតក្នុងសមុទ្រចិនខាងកើតផងដែរ រហូតដល់រសៀលថ្ងៃពុធ។
គួរបញ្ជាក់ថា សមយុទ្ធយោធាខាងលើរបស់ចិនកើតមានឡើង ស្របពេលដែលសហរដ្ឋអាមេរិក ជប៉ុន កាណាដា ហើយនិងបារាំង កំពុងបន្តធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា នៅឯតំបន់សមុទ្រហ្វីលីពីន ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្នុងសមយុទ្ធយោធាចតុភាគីនោះ ក៏មានការចូលរួមពីសំណាក់ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ២គ្រឿងថែមទៀតផងគឺ USS Nimitz និង USS Ranald Reagan៕