(ប៉េកាំង)៖ លោកប្រធានាធិបតីចិន ស៉ី ជិនពីង បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ចិនមានឆន្ទៈក្នុងការចាប់ផ្តើមកិច្ចពិភាក្សាស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសហុងឌូរ៉ាស «ឲ្យបានឆាប់តាមដែលអាចធ្វើបាន»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក ស៊ី ជិនពីង ធ្វើអំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីហុងឌូរ៉ាស មកកាន់ទីក្រុងប៉េកាំង គិតចាប់តាំងពី បង្កើតទំនាក់ទំនងការទូតនឹងគ្នាក្នុងខែមីនាកន្លងទៅ។

លោកស្រី ស៉ីអូម៉ារ៉ា កាស់ត្រូ (Xiomara Castro) ប្រធានាធិបតីហុងឌូរ៉ាស កំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៦ថ្ងៃនៅក្នុងប្រទេសចិន។ លោក ស៉ី បានប្រាប់លោកស្រី កាស់ត្រូ យ៉ាងដូច្នេះថា «អ្នកបានបំពេញតាមការសន្យាយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយចិន ការសម្រេចចិត្ត ជាប្រវត្តិសាស្ត្រ និងបង្ហាញពីឆន្ទៈនយោបាយដ៏រឹងមាំរបស់អ្នក»

បើតាមទូរទស្សន៍រដ្ឋ CCTV ក្នុងឱកាសនោះ លោក ស៉ី បាននិយាយថា ចិននឹងផ្សព្វផ្សាយយ៉ាងសកម្មនូវផលិតផលរបស់ហុងឌូរ៉ាស់ ចូលទៅក្នុងទីផ្សារ របស់ខ្លួន។ ចិនក៏លើកទឹកចិត្តដល់សហគ្រាសចិន ឲ្យចូលរួមក្នុងគម្រោងវិនិយោគរបស់ហុងឌូរ៉ាស លើវិស័យនានាដូចជាថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍ជាដើម។

គួរបញ្ជាក់ថា ហុងឌូរ៉ាស បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំង បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ហើយក៏កំពុងស្វែងរក ការគាំទ្រពីចិនផងដែរ ដើម្បីកាត់បន្ថយបន្ទុកបំណុលរបស់ខ្លួន៕