(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកពេលកិច្ចប្រជុំមួយជាមួយប្រមុខ NATO និងបានលុបចោលព្រឹត្តិការណ៍សាធារណៈដទៃ ទៀតរបស់លោក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដើម្បីទទួលការព្យាបាលរន្ធឬសធ្មេញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។
អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ហ្សង់ ព្យែរ (Karine Jean-Pierre) បានបញ្ជាក់ថាលោកប្រធានាធិបតី បៃដិន មានសុខភាពល្អធម្មតា ហើយលោក នឹងបំពេញការងារជាធម្មតានៅរសៀលថ្ងៃចន្ទ។ លោក បៃដិន មានអាការៈឈឺធ្មេញកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ហើយបានទទួលការថតកាំរស្មី X និងការព្យាបាលរន្ធឬសធ្មេញ ពីក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌល Walter Reed National Military Medical Center។
គួរបញ្ជាក់ថា បើតាមសេតវិមាន លោក ចូ បៃដិន មានអាយុ ៨០ឆ្នាំ មានអាការៈឈឺធ្មេញខ្លាំង កាលពីថ្ងៃចន្ទ និងបានទទួលការចាក់ថ្នាំស្ពឹក ប៉ុន្តែលោកមិនបាន ផ្ទេរភារកិច្ចទៅឱ្យអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស នៅក្រោមច្បាប់វិសោធនកម្មទៅ២៥ នៃរដ្ឋធម្មនុញ្ញអាមេរិកនោះទេ។ លោក បៃដិន ដំបូងឡើយ មានគម្រោងចូលរួមក្នុងកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg កាលពីថ្ងៃចន្ទ នៅឯសេតវិមាន តែជំនួបនេះត្រូវលើកពេល ទៅថ្ងៃអង្គារសប្ដាហ៍នេះវិញ (ម៉ោងនៅវ៉ាស៊ីនតោន)៕