(ហូឡង់)៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសហូឡង់ លោកស្រី កាចសា អូលឡុនហ្គ្រិន (Kajsa Ollongren) បាននិយាយថាពីឡុតអ៊ុយក្រែន អាចនឹងចាប់ ផ្ដើមទទួលបានការបណ្ដុះបណ្ដាលពីរបៀបប្រើយន្ដហោះចម្បាំងអាមេរិក F-16 នៅក្នុងរដូវក្ដៅនេះ ជាការបោះជំហានមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព ការពារដែនអាកាសរបស់អ៊ុយក្រែន នៅក្នុងសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ដាណឺម៉ាក និងហូឡង់ដែលជាសមាជិក NATO បាន និងកំពុងដឹកនាំក្រុមចម្រុះអន្តរជាតិមួយ ដើម្បីបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន និងស្វែងរកការផ្គត់ផ្គង់ យន្ដហោះចម្បាំង F-16 សម្រាប់ទីក្រុងកៀវ។ កន្លងមក ហូឡង់ក៏ធ្លាប់បានបង្ហើបដែរថាខ្លួនមានបំណងចាប់ផ្ដើមការបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន ក្នុង ពេលឆាប់ៗតាមដែលអាចធ្វើទៅបាន តែមិនដែលបានបញ្ជាក់ថាតើពេលណា ទើបការបណ្ដុះបណ្ដាលនេះចាប់ផ្ដើមនោះទេ។

ថ្លែងប្រាប់ Reuters នៅថ្ងៃចន្ទសប្ដាហ៍នេះ លោកស្រី អូលឡុនហ្គ្រិន បានឱ្យដឹងដូច្នេះថា «រដូវក្ដៅនេះគឺជាមហិច្ឆតារបស់យើង ហើយយើងនឹងបានឃើញ យ៉ាងពិតប្រាកដថាការបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមធ្វើឡើង»

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ថាតើប្រទេសណាខ្លះដែលនឹងផ្ដល់យន្ដហោះចម្បាំង F-16 ឬថាតើមានយន្ដហោះចម្បាំងប៉ុន្មាន គ្រឿងត្រូវផ្ដល់ឱ្យអ៊ុយក្រែននោះទេ ខណៈក្រុមមន្ត្រីអ៊ុយក្រែនទទូចថាពួកគេត្រូវការជាង ២០០គ្រឿង៕