(ការ៉ាកាស់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី នៅថ្ងៃចន្ទសប្ដាហ៍នេះបានផ្ដើមបំពេញដំណើរទស្សនកិច្ចដ៏កម្រមួយ ទៅកាន់តំបន់អាមេរិកឡាទីន ជាមួយការឈប់សំចតមុនគេក្នុងទីក្រុង ការ៉ាកាស់ នៃប្រទេសវ៉េណេស៊ុយអេឡា ជាទីដែលលោកបាននិយាយថាប្រទេសរបស់លោក និងវ៉េណេស៊ុយអេឡា គឺជាមិត្តនឹងគ្នាដែលមានសត្រូវរួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

បើតាមការគ្រោងទុក លោក រ៉ៃស៊ី ក៏នឹងត្រូវបំពេញទស្សនកិច្ចផងដែរទៅកាន់ប្រទេសគុយបា និងនីការ៉ាហ្កា ដែលដូចគ្នាទៅនឹងអ៉ីរ៉ង់ រួមទាំងវ៉េណេស៊ុយអេឡា សុទ្ធតែ កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ ក្នុងសុន្ទរកនៅឯសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយមិនបានបញ្ជាក់អ្វីលម្អិត លោក រ៉ៃស៊ី បានគូសបញ្ជាក់ដូច្នេះថា «យើងមានផលប្រយោជន៍រួម ចក្ខុវិស័យរួម ហើយមានសត្រូវរួម»។ ប្រធានាធិបតីអ៉ីរ៉ង់រូបនេះ បន្ថែមទៀតថា ទំនាក់ទំនងរវាងអ៉ីរ៉ង់ និងវ៉េណស៊ុយអេឡា មិនមែនជាទំនាក់ទំនងការទូតធម្មតាមួយនោះទេ ប៉ុន្តែគឺជាទំនាក់ទំនងយុទ្ធសាស្ត្រ។ លោក រ៉ៃស៊ី មិនបានបញ្ជាក់ ឈ្មោះសត្រូវដែលលោកបានលើកឡើងនោះទេ តែគេដឹងច្បាស់ថា លោកចង់សំដៅទៅលើសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា អ៉ីរ៉ង់ គុយបា នីការ៉ាហ្កា រួមទាំងរុស្ស៉ី គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ៗរបស់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោក រ៉ៃស៊ី និងលោក ម៉ាឌូរ៉ូ នឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយនឹងកើនឡើងពី៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងពេលបច្ចុប្បន្ន ដល់២០ពាន់លានដុល្លារ ជាមួយ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៥៕