(មូស្គូ)៖ រុស្ស៊ីបានឱ្យដឹងនៅចន្ទនេះថា ខ្លួនបានរារាំងការវាយប្រហាររបស់អ៊ុយក្រែនទៅលើភូមិជាច្រើន ដែលហែកហួរដោយសង្រ្គាមនៅភាគអាគ្នេយ៍របស់ប្រទេសនេះ ដោយផ្ទុយនឹងការអះអាងរបស់កងកម្លាំងក្រុងកៀវ ដែលថាពួកគេបានដណ្តើមបានការតាំងទីលំនៅឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
របាយការណ៍ផ្ទុយគ្នាពីទីក្រុងកៀវ និងទីក្រុងមូស្គូ កើតឡើងខណៈដែលអ្នកវិភាគនិយាយថា អ៊ុយក្រែនបានបើកការវាយបក ដែលគេទន្ទឹងរង់ចាំជាយូរមកហើយជាមួយនឹងអាវុធលោកខាងលិច ក្នុងគោលបំណងដណ្តើមយកទឹកដីដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ីមកវិញ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា កងទ័ពរុស្ស៊ីបានរារាំំងការវាយប្រហាររបស់អ៊ុយក្រែនចំនួនបីលើក នៅជិតទីក្រុង Velyka Novosilka ដែលជាទីប្រជុំជនមួយនៅតំបន់ភាគខាងកើត នៃទីក្រុង Donetsk។
ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «សកម្មភាពសម្រេចចិត្តរបស់អង្គភាពការពារ ការបាញ់កាំភ្លើងធំ និងប្រព័ន្ធបាញ់ផ្លោងធុនធ្ងន់របស់ក្រុម Vostok បានរារាំងការវាយប្រហាររបស់សត្រូវចំនួនបី»។
ប្រភពដដែលនេះបានគូសបញ្ជាក់ទៀតថា ទាហានរុស្ស៊ីបានរារាំងការវាយប្រហាររបស់អ៊ុយក្រែន នៅភាគខាងលិចនៃទីក្រុង Velyka Novosilka ខាងត្បូងនៃ Zaporizhzhia ផងដែរ។
អ៊ុយក្រែនបានអះអាងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា កងកម្លាំងរបស់ខ្លួនបានចូលជ្រៅ ទៅក្នុងទឹកដីគ្រប់គ្រងដោយរុស្ស៊ីជុំវិញទីក្រុង Velyka Novosilka ដោយប្រកាសដណ្តើមយកភូមិចំនួនបីកាលពីចុងសប្តាហ៍។ បន្ទាប់ពីមានការរំពឹងទុកជាច្រើនខែមក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់កាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ការវាយលុកប្រឆាំងនឹងកងកម្លាំងរុស្ស៊ីបានចាប់ផ្តើមហើយ។
ការអះអាងផ្ទុយគ្នារវាងពីទីក្រុងមូស្គូ និងកៀវមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ប៉ុន្តែអ្នកវិភាគនិយាយថា អ៊ុយក្រែនប្រហែលជាមានការរីកចម្រើននាពេលថ្មីៗនេះ នៅក្បែរទីក្រុង Velyka Novosilka នៃខេត្ត Zaporizhzhia៕