(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៤នៃតំបន់អាមេរិកឡាទីននៅថ្ងៃចន្ទនេះ ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ និងពាណិជ្ជកម្ម ដែលសហភាពអឺរ៉ុប (EU) ទទួលស្គាល់ថាខ្លួនមិនសូវបានយកចិត្តទុកដាក់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
លោកស្រី វ៉ុនឌឺ ឡែយិន នឹងជួបជាមួយប្រធានាធិបតីប្រេស៉ីល អាហ្សង់ទីន ឈីលី និងម៉ិកស៉ិកនៅថ្ងៃបន្តបន្ទាប់គ្នា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) នៅដើមឆ្នាំ ២០២៣នេះ ហើយមួយសប្តាហ៍មុនពេលប្រធានាធិបតី ប្រេស៉ីល លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) ធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសប្រទេសបារំាង។ ទីក្រុងព្រុចសែល ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះផងដែរ ដើម្បីទទួលមេដឹកនាំជាង ៣០នាក់ មកពីតំបន់អាមេរិកឡាទីន និងតំបន់សមុទ្រការរីបង់ ក្នុងកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី១៨ ខែកក្កដា ដែលជាវេទិកាសម្រាប់ «របៀបវារៈថ្មី» របស់ខ្លួនដែលបានដាក់ចេញកាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន EU បានស្វះស្វែងរកប្រទេសដៃគូដែលមានគំនិតដូចគ្នា សម្រាប់ផ្តល់ប្រភពធ្វើពាណិជ្ជកម្ម និងសារធាតុរ៉ែសំខាន់ៗផ្សេងទៀត ដើម្បីជួយកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។ អាទិភាពនៃរបៀបវារៈរបស់ លោកស្រី វ៉ុនឌឺ ឡេយិន អាចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានធ្វើឡើងក្នុងឆ្នាំ២០១៩ ជាមួយអាហ្សង់ទីន ប្រេស៉ីល ប៉ារ៉ាហ្កាយ និងអ៊ុយរ៉ូហ្កាយ ប៉ុន្តែត្រូវបានផ្អាកភាគច្រើន ដោយសារតែការព្រួយបារម្ភ លើការកាប់បំផ្លាញព្រៃអាម៉ាហ្សូន (Amazon)៕