(ញូដេលី)៖ អាជ្ញាធរផ្នែកអាកាសធាតុឥណ្ឌា បានឲ្យដឹងថា ព្យុះមួយនៅឆ្នេរសមុទ្រភាគខាងលិចប្រទេសឥណ្ឌា បានវិវត្តខ្លួនក្លាយជាព្យុះស៊ីក្លូនដ៏មានឥទ្ធិពល ដែលអាចនឹងវាយប្រហារចំលើរដ្ឋហ្គូចារ៉ាត់ (Gujarat) របស់ឥណ្ឌា ព្រមទាំងភាគខាងត្បូង នៃប្រទេសប៉ាគីស្ថាននៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

ទីភ្នាក់ងារឧតុនិយមឥណ្ឌា (IMD) បានប្រកាសនៅថ្ងៃចន្ទនេះថា ព្យុះស៊ីក្លូនឈ្មោះ Biparjoy អាចនឹងបោកបក់មកលើតំបន់ម៉ាន់វី (Mandvi) ដែលស្ថិតនៅក្នុងចន្លោះរដ្ឋហ្គូចារ៉ាត់ (Gujarat) របស់ឥណ្ឌា និងរដ្ឋការ៉ាឈី (Karachi) របស់ប៉ាគីស្ថាន នៅរសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ជាមួយនិងល្បឿនខ្យល់អតិបរមារហូតដល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ការិយាល័យអាកាសធាតុខាងលើ បានណែនាំដល់សហគមន៍នេសាទឲ្យបញ្ឈប់សកម្មភាព និងត្រៀមសម្រាប់ការជម្លៀសប្រជាជន ចេញពីតំបន់ឆ្នេរសាអ៊ូរ៉ាស់ត្រា (Saurashtra) និងតំបន់គុច (Kutch) នៃរដ្ឋហ្គូចារ៉ាត់។ កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិចំនួន ៧ក្រុមនិងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយរដ្ឋចំនួន ១២ក្រុមត្រូវបានដាក់ពង្រាយនៅតាមស្រុក ដែលទំនងជារងផលប៉ះពាល់ ដោយសារតែព្យុះនេះ។

គួរបញ្ជាក់ថា ព្យុះស៊ីក្លូនដ៏អាក្រក់បំផុតមួយ កាលពីឆ្នាំ១៩៩៨ ធ្លាប់បានសម្លាប់មនុស្សអស់ ៤,០០០នាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់រាប់រយលានដុល្លារ នៅក្នុងរដ្ឋហ្គូចារ៉ាត់នៃប្រទេសឥណ្ឌា៕