(រ៉ូម)៖ អតីតនាយករដ្ឋមន្រ្តីនៃប្រទេសអ៉ីតាលី លោក ស៉ីលវីយ៉ូ បឺលូស្កូនី (Silvio Berlusconi) បានទទួលមរណភាព នៅថ្ងៃចន្ទនេះ ក្នុងវ័យ៨៦ឆ្នាំ បន្ទាប់ពីរូបលោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យជាថ្មីម្តងទៀត កាលពីថ្ងៃសុក្រសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
ទោះបីជាត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកគ្រាប់ឈាមក៏ដោយ លោក បឺលូស្កូនី នៅតែបន្តមានសកម្មភាព ក្នុងឆាកនយោបាយរបស់អ៉ីតាលី រហូតដល់ទីបញ្ចប់ ដោយលោកមានតំណែងជាសមាជិកព្រឹទ្ធសភា ហើយគណបក្សរបស់លោក ក៏ជាដៃគូនៃរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី ចចជៀ មេឡូនី (Giorgia Meloni) ផងដែរ។
អតីតមេដឹកនាំអ៉ីតាលីរូបនេះ ទើបតែបានចាកចេញពីមន្ទីរពេទ្យកាលពីខែឧសភា បន្ទាប់ពីចំណាយពេលប្រមាណ៦សប្តាហ៍ ដើម្បីសម្រាកព្យាបាលនៅទីនោះ ដោយសារបញ្ហារលាកសួតដែលពាក់ព័ន្ធជាមួយ ជំងឺមហារីកឈាមយូរអង្វែងមកហើយរបស់លោក។ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ លោកក៏ត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យជាថ្មីម្តងទៀត។
គួរបញ្ជាក់ថា លោក បឺលូស្កូនី ធ្លាប់ដឹកនាំប្រទេសអ៉ីតាលីសរុបចំនួន៣លើក គឺកាលពីចន្លោះឆ្នាំ១៩៩៤-១៩៩៥ ២០០១-២០០៦ និង ២០០៨-២០១១៕