(មូស្គូ)៖ ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner Group បានប្រកាសថា ខ្លួននឹងមិនចុះហត្ថលេខាលើកុងត្រាណាមួយ ជាមួយក្រសួងការពារជាតិរុស្ស៉ី នោះទេ បន្ទាប់ពីក្រសួងបានចេញបញ្ជាឲ្យកងកម្លាំងឯករាជ្យទាំងអស់ធ្វើដូច្នេះ ចាប់ពីចុងខែមិថុនានេះតទៅ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បានផ្តល់ការណែនាំកាលពីចុងសប្តាហ៍មុនថា «ក្រុមយុទ្ធជនស្ម័គ្រចិត្ត» ទាំងអស់ ត្រូវតែ ចុះកុងត្រាជាមួយក្រសួងការពារជាតិនៅចុងខែមិថុនានេះ ជាចំណាត់ការមួយដើម្បីបង្កើនប្រសិទ្ធភាពកងទ័ពរុស្ស៉ី ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។
លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ថៅកែ Wagner Group បានគូសបញ្ជាក់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា «Wagner នឹងមិនចុះកុងត្រាណាមួយជាមួយ លោក សយហ្គូ នោះទេ»។ លោក ព្រីហ្គោហ្ស៉ីន បន្ថែមថា សេចក្តីណែនាំពីក្រសួងការពារជាតិរុស្ស៉ី មិនបានសំដៅអនុវត្ត ចំពោះក្រុមរបស់ខ្លួននោះទេ។
គួរបញ្ជាក់ថា ទោះបីជាក្រសួងការពារជាតិរុស្ស៉ី មិនបានលើកឡើងពីក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក៏ដោយ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍ថា នេះជាការប៉ុនប៉ងរបស់លោក សយហ្គូ ដើម្បីនាំយកក្រុមទាហានទាំងនោះឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក បន្ទាប់ពីមានការផ្ទុះឡើងនូវបញ្ហាចម្រូងចម្រាសនឹងគ្នាជាសាធារណៈនាពេលកន្លងមក៕