(ស្ដុកខុល)៖ ក្រុមអ្នកស្រាវជ្រាវមួយ នៅថ្ងៃចន្ទនេះ បាននិយាយថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់បណ្ដាប្រទេសជាច្រើន ជាពិសេសគឺចិន ត្រូវបានពង្រីកគួរឱ្យកត់សម្គាល់ ខណៈមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត នាំគ្នាធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅចំពោះមុខភាពតានតឹងភូមិសាស្ត្រនយោបាយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP លោក Dan Smith ជានាយកវិទ្យាសា្ថនស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (SIPRI) បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុង កាន់តែខិតទៅកៀក ឬក៏ប្រហែលជាឈានដល់ទៅហើយនៃទីបញ្ចប់នៃការថយចុះចំនួនអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក អស់រយៈពេលជាយូរមកនេះ»។
បើតាម SIPRI គិតជាសរុប សព្វថ្ងៃ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងចំណោមប្រទេសមានអាវុធនុយក្លេអ៊ែរទាំង៩ មានដូចជាចក្រភពអង់គ្លេស ចិន បារាំង ឥណ្ឌា អ៉ីស្រាអែល កូរ៉េខាងជើង ប៉ាគីស្ថាន រុស្ស៉ី និងសហរដ្ឋអាមេរិក បានធ្លាក់ចុះមកនៅត្រឹម ១២,៥១២គ្រាប់ក្នុងឆ្នាំ២០២៣ បើធៀបទៅនឹងឆ្នាំ២០២២ មានចំនួន ១២,៧១០គ្រាប់។ ប៉ុន្តែ នៅក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរ ១២,៥១២គ្រាប់នេះ មាន ៩,៥៧៦គ្រាប់ ស្ថិតនៅក្នុងស្ដុកយោធាសម្រាប់ការប្រើប្រាស់ដែល តួលេខនេះមានចំនួនច្រើនជាង ៨៦គ្រាប់ ធៀបទៅនឹងឆ្នាំ២០២២។
គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិក និងរុស្ស៉ី នៅតែជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ ដោយបូកបញ្ចូលគ្នាប្រទេសទាំង២ មានអាវុធនុយក្លេអ៊ែរស្មើនឹង ៩០ភាគរយ នៃអាវុធនុយក្លេអ៊ែររបស់ពិភពលោក។ ចំណែក ចិនវិញបានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរពី ៣៥០គ្រាប់ ទៅ ៤១០គ្រាប់ ស្របពេលឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង ក៏កំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ៕