(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងចាប់ដៃសហការជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ហើយនឹងជំរុញ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីកសាងប្រទេសជាតិដ៏មានឥទ្ធិពលមួយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសារមួយផ្ញើទៅកាន់លោក ពូទីន នាឱកាសនៃការប្រារព្ធ ពិធីបុណ្យជាតិរបស់រុស្ស៉ី ព្រមជាមួយការបង្ហាញការគាំទ្រដល់សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន ក៏ដូចជាបង្ហាញសាមគ្គីភាព និងការគាំទ្រសម្រាប់រុស្ស៉ី ផងដែរ។

នៅក្នុងសារដដែល លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ដូច្នេះថា «យុត្តិធម៌ត្រូវតែឈ្នះ ហើយប្រជាជនរុស្ស៉ីនឹងបន្ថែមភាពអស្ចារ្យទៅក្នុងប្រវត្តិសាស្ត្រ នៃជ័យជម្នះ»។ លោក គីម បន្ថែមថាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយទីក្រុងមូស្គូ គឺជាការចាប់ដៃសហការយ៉ាងស្អិតល្មួតជាមួយលោកប្រធានាធិបតីរុស្ស៉ី ដោយឈរលើ ឆន្ទៈរួមនៃប្រជាជនប្រទេសទាំង២ ដើម្បីសម្រេចឱ្យបាននូវគោលដៅកសាងប្រទេសជាតិដ៏មានឥទ្ធិពលមួយ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បច្ចុប្បន្ន កំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៉ី និងបានបង្ហាញការគាំទ្រដល់ទីក្រុងមូស្គូ នៅបន្ទាប់ពីលោក ពូទីន បញ្ជូន កងទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយថែមទាំងបានបន្ទោសទៀតផងថាសហរដ្ឋអាមេរិក និងលោកខាងលិចគឺជាអ្នកបង្កឱ្យសង្រ្គាម ផ្ទុះឡើងដោយសារតែមហិច្ឆតាចង់គ្រប់គ្រងពិភពលោកទាំងមូល៕