(ហុកកៃដូ)៖ ទីភ្នាក់ងារតាមដានភូមិសាស្ត្រ និងគ្រោះរញ្ជួយដីអាមេរិក (USGS) បានប្រកាសថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានអង្រួនភាគខាងជើងប្រទេសជប៉ុន នៅថ្ងៃអាទិត្យ (១១ មិថុនា) ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតណាមួយឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។

ទីភ្នាក់ងារ USGS បានគូសបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានវាយប្រហារឆ្នេរសមុទ្រនៃទីក្រុង Urakawa-cho នៃកោះ Hokkaido ក្នុងជម្រៅ ១២៣គីឡូម៉ែត្រ នៅវេលាម៉ោង ៦៖៥៥នាទី​ (ម៉ោងក្នុងតំបន់) ប៉ុន្តែមិនមានការព្រមានអំពីរលកយក្សស៊ូណាមិទេ។

ដោយឡែក និយតករនុយក្លេអែររបស់ប្រទេសជប៉ុនក៏បានរាយការណ៍ផងដែរថា មិនមានរបាយការណ៍អំពីភាពមិនប្រក្រតី នៅកន្លែងនុយក្លេអ៊ែរនៅក្នុងតំបន់នោះទេ៕