(ហាណូយ)៖ អាជ្ញាធរបានឱ្យដឹងថា មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសនៅក្នុងការបាញ់ប្រហារនៅទីស្នាក់ការប៉ូលីសចំនួនពីរកន្លែង នៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម នៅថ្ងៃអាទិត្យ (ទី១១ មិថុនា)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈបានឲ្យដឹងថា មនុស្ស៦នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅខេត្ត Dak Lak។

គេហទំព័របាន​បន្ថែម​ថា ការវាយប្រហារទៅលើទីស្នាក់ការប៉ូលីសឃុំចំនួនពីរ គឺឃុំ Ea Tieu និង Ea Ktur នៃស្រុក Cu Kuin បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ដោយគូសបញ្ជាក់ថា មនុស្សជាច្រើននាក់រួមទាំងប៉ូលីស មន្ត្រីមូលដ្ឋាន និងជនស៊ីវិល ត្រូវបានសម្លាប់ និងរងរបួស ប៉ុន្តែមិនបានផ្តល់ចំនួនពិតប្រាកដនោះទេ។

តំបន់ខ្ពង់រាបភាគកណ្តាល ដែលជាកន្លែងរស់នៅរបស់ជនជាតិភាគតិចជាច្រើន ត្រូវបានចាត់ទុកថា ជាតំបន់ដ៏រសើបរបស់រដ្ឋាភិបាលវៀតណាម ហើយបានក្លាយជាកន្លែងក្តៅគគុកនៃការមិនសប្បាយចិត្តជាយូរណាស់មកហើយ ជុំវិញបញ្ហាជាច្រើនរួមទាំងបញ្ហាសិទ្ធិដីធ្លីជាដើម។

អំពើហឹង្សាដោយកាំភ្លើងគឺជារឿងកម្របំផុតនៅក្នុងប្រទេសវៀតណាម ហើយការកាន់កាប់អាវុធវាជាការខុសច្បាប់សម្រាប់ពលរដ្ឋវៀតណាម។ ចំណែកទីផ្សារងងឹតសម្រាប់កាំភ្លើងក៏មានកម្រិតផងដែរ។

កាលពីខែមករា ឆ្នាំ២០២០ មានមនុស្ស ៤នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងសង្វៀនភ្នាល់ Duke ខុសច្បាប់នៅជាយក្រុងហូជីមិញ។ នៅក្នុងហេតុបាញ់ប្រហារដ៏កម្រមួយផ្សេងទៀតក្នុងឆ្នាំ ២០១៦ មន្ត្រីជាន់ខ្ពស់ពីរនាក់នៅក្នុងខេត្ត Yen Bai ភាគខាងជើងត្រូវបានសម្លាប់ដោយសហសេវិក នៅក្នុងការិយាល័យរបស់ពួកគេ មុនពេលខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង៕