(តៃប៉ិ)៖ កងទ័ពអាកាសតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះបានចល័តយន្ដហោះចម្បាំង បន្ទាប់ពីចាប់បានសញ្ញាថាយន្ដហោះចម្បាំងចិន ១០គ្រឿង បានហោះឆ្លងកាត់ ខ្សែបន្ទាត់កណ្ដាលនៃតំបន់ចក្រសមុទ្រតៃវ៉ាន់ ខណៈនាវាចម្បាំងចិន ៤គ្រឿងផ្សេងទៀត ក៏បានដឹកនាំការធ្វើប្រតិបត្តិការល្បាតប្រយុទ្ធផងដែរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។

នេះគឺជាលើកទី២ហើយ ក្នុងពេលមិនដល់មួយសប្ដាហ៍ស្រួលបួលផង ដែលតៃវ៉ាន់រាយការណ៍ពីសកម្មយោធាចិន ក្រោយយន្ដហោះចម្បាំងចិន ៣៧គ្រឿង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានហោះចូលក្នុងតំបន់ដែនកំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់។ ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជា ខេត្តមួយរបស់ខ្លួន ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ បានបញ្ជូនយន្ដហោះចម្បាំងឱ្យធ្វើសកម្មភាពនៅក្បែរកោះតៃវ៉ាន់ ជារឿយៗ បើទោះជាមិនបានចូល ទឹកដី ឬដែនអាកាសតៃវ៉ាន់ក៏ដោយ។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថានៅម៉ោង ២រសៀល ថ្ងៃអាទិត្យ ទី១១ ខែមិថុនា បានចាប់សញ្ញាយន្ដហោះចម្បាំងចិន ២៤គ្រឿង ក្នុងនោះរួមមានយន្ដហោះចម្បាំងធុន J-10, J-11, J-16 និង Su-30 ព្រមទាំងយន្ដហោះទម្លាក់គ្រាប់បែក H-6។ ក្រសួងមិនបានបញ្ជាក់ថាតើ យន្ដហោះចម្បាំងចិនទាំងនេះ បានហោះចូល ឬនៅក្បែរតំបន់ណាមួយនោះទេ​ ប៉ុន្តែបានអះអាងថាក្នុងចំណោមយន្ដហោះចម្បាំងទាំងនេះ មាន១០គ្រឿង បានហោះឆ្លងកាត់ខែ្សបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលជាខ្សែខណ្ឌចែកក្រៅផ្លូវការមួយរវាងចិន និងតៃវ៉ាន់។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិតៃវ៉ាន់ នាវាចម្បាំងចិន ៤គ្រឿង ក៏បានដឹកនាំការធ្វើប្រតិបត្តិការល្បាត់ប្រយុទ្ធផងដែរ។ ប៉ុន្តែភ្លាមៗ ខាងក្រសួងការពារជាតិចិន មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕