(មូស្គូ)៖ ពលរដ្ឋអាមេរិកម្នាក់ ដែលជាតន្ត្រីករ និងជាអតីតទាហានលោតឆត្រយោងម្នាក់ ត្រូវបានចាប់ឃុំខ្លួន នៅក្នុងប្រទេសរុស្ស៉ី ក្រោមបទចោទប្រកាន់ ពាក់ព័ន្ធនឹងការបង្កើតបណ្ដាញជួញដូរគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញតេឡេក្រាម តុលាការស្រុក ខាម៉ូវនីគី (Khamovniki) នៃទីក្រុងមូស្គូ បានឱ្យដឹងថាកាលពីថ្ងៃទី១០ ខែមិថុនា តុលាការបានសម្រេចចាត់វិធានការប្រឆាំងនឹងពលរដ្ឋអាមេរិកម្នាក់។ តុលាការបន្ថែមថាពលរដ្ឋអាមេរិកដែលជាតន្ត្រីករ និងជាអតីតទាហាន លោតឆត្រយោងម្នាក់ ត្រូវបានចោទប្រកាន់ពីបទបង្កើតបណ្ដាញជួញដូរគ្រឿងញៀន ហើយរូបគេនឹងបន្តជាប់ឃុំរហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានរុស្ស៉ី Interfax ពលរដ្ឋអាមេរិកខាងលើអាចនឹងប្រឈមមុខជាប់ពន្ធនាគារ ១២ឆ្នាំ ប្រសិនបើតុលាការរកឃើញថាបាន ប្រព្រឹត្តិទោសកំហុសមែននោះ។ ចំណែក ខាងក្រសួងការបរទេសអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអី្វឆ្លើយទៅនឹងសេចក្ដីរាយការណ៍ពីការឃុំខ្លួន ពលរដ្ឋអាមេរិករូបនេះនៅឡើយទេ៕