(ប៉េកាំង)៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានធ្វើបទបង្ហាញខ្លីៗដល់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពីគម្រោងនៃ ដំណើរទស្សនកិច្ចរបស់បណ្ដាមេដឹកនាំអាហ្វ្រិក ទៅកាន់ប្រទេសរុស្ស៉ី និងអ៊ុយក្រែន ក្នុងគោលបំណងស្វែងរកដំណោះស្រាយសន្តិភាពបញ្ចប់សង្រ្គាមសព្វថ្ងៃ។ នេះបើតាមការ ដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏បានរាយការណ៍ដែរថាមេដឹកនាំនៃប្រទេសទាំង២ បានជួបពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រកន្លងទៅ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ខាង វិមានប្រធានាធិបតីអាហ្រ្វិកខាងត្បូង បាននិយាយថាលោក រ៉ាម៉ាហ្វូសា បានប្រាប់លោក ស៊ី ជិនពីងថាលោកបានទទួលដឹងពីផែនការសន្តិភាពស្នើឡើងដោយចិន និងបាន បញ្ជាក់ពីការគំាទ្ររបស់បណ្ដាមេដឹកនាំអាហ្រ្វិក ចំពោះគំនិតផ្ដួចផ្ដើមនេះ ក្នុងគោលដៅស្វែងរកដោះស្រាយសន្តិភាពបិទបញ្ចប់ជម្លោះ។​ សេចក្ដីថ្លែងការណ៍ដដែលនេះបាន ឱ្យដឹងទៀតថាលោកប្រធានាធិបតី ស៊ី ជិនពីង ក៏បានធ្វើការអត្ថាធិប្បាយដែរលើគំនិតផ្ដួចផ្ដើមរបស់អាហ្វ្រិក និងទទួលស្គាល់ពីផលប៉ះពាល់បង្កឡើងដោយសង្រ្គាមដល់ អាយុជីវិតមនុស្ស និងសន្តិសុខស្បៀងអាហារក្នុងតំបន់អាហ្វ្រិក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែឧសភា លោក រ៉ាម៉ាហ្វូសា បានប្រកាសពីផែនការសន្តិភាពរបស់អាហ្វ្រិក ដើម្បីបញ្ច​ប់សង្រ្គាមនៅអ៊ុយក្រែន តែមិនបានបញ្ជាក់លម្អិតពីផែនការ នេះនោះទេ។ ផែនការសន្តិភាពនេះទទួលបានការគាំទ្រពីមេដឹកនាំអាហ្រ្វិកមកពីប្រទេសសេណេហ្កាល់ អ៊ូហ្កង់ដា អេហ្ស៉ីប សាធារណរដ្ឋកង់ហ្គោ និងសំប៊ី។ កន្លងមក មានការ លើកឡើងពីផែនការសន្តិភាពជាច្រើន តែអ៊ុយក្រែន បានទទូចថាផែនការសន្តិភាពត្រូវតែតម្រូវឱ្យរុស្ស៉ីដកកងទ័ពទាំងអស់ចេញពីទឹកដីរបស់ខ្លួន ហើយក៏មិនមែនត្រឹមតែជា បទឈប់បាញ់ ឬក៏សន្តិភាព រយៈពេលខ្លីនោះដែរ៕