(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានសមភាគីអ៉ីរ៉ង់របស់លោក គឺលោក អ៉ីប្រាហ៉ីម រ៉ៃស៊ី កាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនា ពីផលវិបាក ពាក់ព័ន្ធនឹងការផ្គត់ផ្គង់យន្ដហោះដ្រូនសម្រាប់រុស្ស៉ី យកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។
ការព្រមានខាងលើរបស់លោក ម៉ាក្រុងធ្វើឡើង នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក អ៉ីប្រាហ៉ីម រ៉ៃស៊ី ប្រធានាធិបតីអ៉ីរ៉ង់ ជាមួយការជំរុញឱ្យទីក្រុងតេហេរ៉ង់ បញ្ឈប់ ជាបន្ទាន់ការផ្ដល់ការគាំទ្រដល់រុស្ស៉ី នៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ លោក ម៉ាក្រុង ក៏បានបង្ហាញការព្រួយបារម្ភផងដែរចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។
ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក រួមទាំងអ៊ុយក្រែន បានចោទប្រកាន់អ៉ីរ៉ង់ថាបានផ្គត់ផ្គង់យន្ដហោះដ្រូនដល់រុស្ស៉ី ដែលនេះជាទង្វើរំលោភបំពានលើ ដំណោះស្រាយមួយកាលពីឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់។ ដោយឡែក សេតវិមានកាលពីថ្ងៃសុក្រ ក៏បាននិយាយដែរថារុស្ស៉ីទំនងជាបានពង្រឹងទំនាក់ទំនងខាងវិស័យការពារជាតិកាន់តែស៊ីជម្រៅជាមួយអ៉ីរ៉ង់ ហើយទទួលបានយន្ដហោះដ្រូនអត្តឃាតរាប់រយគ្រឿងពីអ៉ីរ៉ង់ ដែលរុស្ស៉ីកំពុងប្រើក្នុងការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ុយក្រែន៕