(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានម្នាក់ បាននិយាយថាចិនបានធ្វើប្រតិបត្តិការស្ថានីយស៊ើបការណ៍សម្ងាត់មួយ នៅក្នុងប្រទេសគុយបា អស់រយៈពេលជាច្រើនឆ្នាំមកហើយ និង បានធ្វើបច្ចុប្បន្នភាពមូលដ្ឋានស៊ើបការណ៍នេះក្នុងឆ្នាំ២០១៩ ជាផ្នែកមួយនៃការពង្រឹងវត្តមានរបស់ខ្លួននៅប្រទេសសិ្ថតក្នុងតំបន់ការីបៀនមួយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីសេតវិមានខាងលើបានឱ្យដឹងដូច្នេះថា «នៅពេលលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់តំណែងកាលពីខែមករា ឆ្នាំ២០២១ យើង បានធ្វើបទបង្ហាញខ្លីៗពីកិច្ចខិតខំប្រឹងប្រែងដ៏រសើបមួយចំនួនរបស់ចិន នៅជុំវិញពិភពលោក ក្នុងគោលដៅពង្រីកវិស័យឡូហ្ស៉ីស្ទិក មូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធប្រមូល ព័ត៌មានជាសកល»។ មន្ត្រីរូបនេះដដែលបន្ថែមទៀតថា «កិច្ចខិតខំប្រឹងប្រែងទាំងនេះក្នុងនោះរួមមានទាំងការបង្កើតស្ថានីយស៊ើបការណ៍សម្ងាត់របស់ចិន ក្នុងប្រទេសគុយបា ហើយចិនបានដឹកនាំការធ្វើបច្ចុប្បន្នភាពលើស្ថានីយស៊ើបការណ៍សម្ងាត់របស់ខ្លួននៅគុយបា ក្នុងឆ្នាំ២០១៩»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថាចិនបានឈានដល់កិច្ចព្រមព្រៀងជាសម្ងាត់ជាមួយប្រទេសគុយបា ក្នុងការដំឡើងស្ថានីយស៊ើបការណ៍មួយ នៅលើកោះដែលស្ថិតនៅចម្ងាយប្រហែល ១៦០គីឡូម៉ែត្រពីរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិក។ Wall Street Journal ធ្វើសេចក្ដីរាយការណ៍ បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីចារកម្មអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ក្រុមមន្ត្រីទាំងនោះបានឱ្យដឹងទៀតថា ការដំឡើង ស្ថានីយ៍ស៊ើបការណ៍នៅលើទឹកដីគុយបា នឹងអនុញ្ញាតឱ្យទីក្រុងប៉េកាំង លួចស្ដាប់ និងប្រមូលព័ត៌មានពីការទំនាក់ទំនងនានាតាមប្រព័ន្ធអេឡិចត្រូនិក នៅទូទាំងតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ព្រមទាំងអាចតាមដានចរាចរណ៍នាវាផងដែរ។
បើតាម Wall Street Journal ចិន និងគុយបា បានឈានដល់កិច្ចព្រមព្រៀងមួយជាគោលការណ៍ ដោយក្នុងនោះចិននឹងត្រូវបង់ប្រាក់ឱ្យគុយបា រាប់ពាន់លានដុល្លារ ជាថ្នូរនឹងការបើកស្ថានីយស៊ើបការណ៍។ យ៉ាងណាក៏ដោយ ខាងទីក្រុងវ៉ាស៊ីនតោន និងគុយបា បានបដិសេធសេចក្ដីរាយការណ៍នេះ ខណៈនៅពេលត្រូវបានសាកសួរពីបញ្ហា នេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង (Wang Wenbin) ថាលោកមិនបានដឹងពីស្ថានការណ៍នោះទេ តែបានឆ្លៀតរិះគន់គោលនយោបាយរបស់ សហរដ្ឋអាមេរិកចំពោះគុយបា។
ព័ត៌មានស្ដីពីស្ថានីយស៊ើបការណ៍សម្ងាត់របស់ចិន នៅក្នុងប្រទេសគុយបា កើតមានឡើងនៅចំពេលមានសេចក្ដីរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅសប្ដាហ៍ក្រោយ។ កាលពីដើមឆ្នាំ២០២៣ លោក ប្ល៊ីនខិន បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ប៉េកាំង ម្ដងរួចមកហើយ ក្រោយសហរដ្ឋអាមេរិក និងចិនមានភាពតានតឹងនឹងគ្នាជុំវិញបាឡុងចិនមួយគ្រឿងមានវត្តមានក្នុងដែនអាកាសអាមេរិក។ យោធាអាមេរិកបានបាញ់ទម្លាក់ បាឡុងនេះដោយចោទថាជាបាឡុងស៊ើបការណ៍ តែចិនបានបដិសេធដោយអះអាងថាជាបាឡុងស៊ីវិលធម្មតាប៉ុណ្ណោះ៕