(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនា បាននិយាយថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួន ដែលទាហានរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ បានចាប់ផ្ដើមហើយ ខណៈនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) បំពេញទស្សនកិច្ចក្នុងទីក្រុង កៀវ និងរិះគន់រុស្ស៉ី ជុំវិញមហន្តរាយបាក់ទំនប់ទឹក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ឌ្រូដូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ប្រតិបត្តិការវាយបក និងការការពារបាន និងកំពុងចាប់ផ្ដើមក្នុងប្រទេស អ៊ុយក្រែន តែខ្ញុំនឹងមិននិយាយអ្វីលម្អិតនោះទេ»។ ការអត្ថាធិប្បាយបែបនេះរបស់លោក ហ្សេលេនស្គី កើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី ពូទីន បានអះអាងថា ប្រតិបត្តិការវាយបកដែលអ៊ុយក្រែនបានសន្យាជាយូរមកហើយនោះ បានចាប់ផ្ដើមហើយ។

ចំណែក លោក ឌ្រូដូ វិញ ក៏បានថ្កោលទោសរុស្ស៉ីផងដែរ ជុំវិញមហន្តរាយបាក់ទំនប់ទឹក Kakhovka ស្ថិតនៅក្នុងតំបន់ដែលរុស្ស៉ីកំពុងគ្រប់គ្រង ស្ថិតនៅភាគខាងត្បូងនៃ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅ។

គួរបញ្ជាក់ថា កាណាដា ក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលបានចូលរួមដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី និងផ្ដល់ជំនួយយោធាដ៏សំខាន់មួយសម្រាប់អ៊ុយក្រែនផងដែរ ដោយ មកទល់នឹងពេលនេះ ទាហានអ៊ុយក្រែន ៣៦,០០០នាក់ ទទួលបានការបណ្ដុះបណ្ដាលពីកាណាដា៕