(បូហ្គោតា)៖ ប្រធានាធីបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) បានប្រកាសឱ្យដឹងថា ក្មេងៗចំនួន៤នាក់មកពីសហគមន៍ជនជាតិភាគតិចក្នុងប្រទេសកូឡុំប៊ី ទីបំផុតត្រូវបានរកឃើញនៅរស់រានមានជីវិត កាលពីថ្ងៃសុក្រសប្តាហ៍នេះ ពោលគឺរយៈពេលជាង៥សប្តាហ៍បន្ទាប់ពីយន្តហោះដែលពួកគេជិះធ្វើដំណើរ បានធ្លាក់ទៅចំតំបន់ព្រៃដ៏ក្រាស់ឃ្មឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។
កុមារទាំងនោះត្រូវបានជួយសង្រ្គោះដោយកងកម្លាំងយោធា នៅក្បែរតំបន់ព្រំប្រទល់រវាងខេត្តឆាកេតា (Caqueta) និងខេត្តក្វាវ៉្យារេ (Guaviare) មិនឆ្ងាយប៉ុន្មានពីកន្លែងដែលយន្តហោះខ្នាតតូចរបស់ពួកគេបានធ្លាក់នោះឡើយ។ យន្តហោះធុន Cessna 206 មួយគ្រឿង មានផ្ទុកមនុស្សសរុបចំនួន៧នាក់ បានស្ថិតក្នុងការធ្វើដំណើររវាងក្រុងអារ៉ារ៉ាគ័ររ៉ា (Araracuara) នៃខេត្តអាម៉ាហ្សូណាស (Amazonas) និងទីក្រុងសានចូសេឌែលក្វាវ៉្យារេ នៃខេត្តក្វាវ៉្យារេ នៅពេលដែលយន្តហោះនោះ បានប្រកាសភាពអាសន្ន ដោយសារជួបបញ្ហាផ្នែកម៉ាស៉ីន កាលពីថ្ងៃទី១ ខែឧសភា។
ជាលទ្ធផលមនុស្សធំពេញវ័យ៣នាក់រួមទាំងពីឡុត គឺបានបាត់បង់ជីវិត ហើយសាកសពពួកគេត្រូវបានរកឃើញ នៅក្នុងយន្តហោះផ្ទាល់។ ចំណែកកុមារទាំង៤នាក់ ដែលក្នុងនោះ៣នាក់ មានអាយុ១៣ឆ្នាំ ៩ឆ្នាំ ៤ឆ្នាំ ហើយនិងទារកម្នាក់អាយុត្រឹម១២ខែ បានរួចផុតពីជីវិតពីការធ្លាក់យន្តហោះ។ រូបភាពដែលត្រូវបានចែកចាយដោយយោធាកូឡុំប៊ី បានបង្ហាញឱ្យឃើញទាហានមួយក្រុម ស្ថិតនៅជាមួយក្មេងៗទាំងនោះ នៅកណ្តាលព្រៃ។
គួរបញ្ជាក់ថា ដំបូងឡើយលោក ផេត្រូ ធ្លាប់បានរាយការណ៍ថា ក្មេងៗទាំង៤នាក់ខាងលើ ត្រូវបានរកឃើញកាលពីថ្ងៃទី១៧ ខែឧសភា ក្នុងសារមួយដែលក្រោយមកត្រូវបានលុបចោលវិញ ដោយលោកបាននិយាយថា ព័ត៌មានដែលលោកទទួលបាននាពេលនោះ គឺមិនច្បាស់លាស់៕