(ប៉េកាំង)៖ ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិករកុំឱ្យ «ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសគុយបា» ជាការឆ្លើយតបទៅនឹងរបាយការណ៍ដែលថា ទីក្រុងប៉េកាំងកំពុងរៀបចំផែនការបង្កើតមូលដ្ឋានចារកម្មនៅលើកោះនេះ ដែលមានចម្ងាយប្រមាណ១៥០គីឡូម៉ែតពីរដ្ឋផ្លរីដានៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្អែកលើសេចក្តីថ្លែងការណ៍ របស់មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ ទៅកាន់កាសែត The Wall Street Journal និង CNN ត្រូវបានច្រានចោលថាជា «ព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន» ដោយអនុរដ្ឋមន្ត្រីការបរទេសគុយបា ខណៈដែលសេតវិមានក៏បានបញ្ជាក់ថា មិនត្រឹមត្រូវដែរ។
នៅពេលត្រូវបានសួរអំពីមូលដ្ឋានចារកម្មខាងលើ នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា គាត់ «មិនដឹងអំពីរឿងនេះទេ»។
ប៉ុន្តែលោក Wang បាននិយាយថា «ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូច គឺជាកលល្បិចទូទៅរបស់សហរដ្ឋអាមេរិក ហើយការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃគឺជាប៉ាតង់របស់វា»។
ទន្ទឹមនឹងនោះ លោកបានព្រមានថា «សហរដ្ឋអាមេរិកគួរតែគិតពិចារណាដោយខ្លួនឯង ហើយឈប់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសគុយបា ក្រោមបដានៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយលុបចោលការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាបន្ទាន់ប្រឆាំងនឹងគុយបា»។
គួរបញ្ជាក់ថា កាសែតអាមេរិក Wall Street Journal បានធ្វើសេចក្ដីរាយការណ៍ថា ចិនបានឈានដល់កិច្ចព្រមព្រៀងជាសម្ងាត់ជាមួយប្រទេសគុយបា ក្នុងការដំឡើង ស្ថានីយស៊ើបការណ៍មួយ។ ការដំឡើងស្ថានីយ៍ស៊ើបការណ៍នេះ នឹងអនុញ្ញាតឱ្យទីក្រុងប៉េកាំង លួចស្ដាប់ និងប្រមូលព័ត៌មានពីការទំនាក់ទំនងនានាតាមប្រព័ន្ធអេឡិចត្រូនិក នៅទូទាំងតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ព្រមទាំងអាចតាមដានចរាចរណ៍នាវាផងដែរ។
បើតាម Wall Street Journal ចិន និងគុយបា បានឈានដល់កិច្ចព្រមព្រៀងមួយជាគោលការណ៍ ដោយក្នុងនោះចិននឹងត្រូវបង់ប្រាក់ឱ្យគុយបា រាប់ពាន់លានដុល្លារ ជាថ្នូរនឹងការបើកស្ថានីយ៍ស៊ើបការណ៍៕