(ប៉េកាំង)៖ នៅថ្ងៃសុក្រនេះ ទីក្រុងប៉េកាំងបានប្រកាសឱ្យដឹងថា ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ (Mahmud Abbas) នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីចិនបាននិយាយថា ខ្លួនត្រៀមលក្ខណៈរួចរាល់ជានិច្ច ដើម្បីជួយសម្របសម្រួលកិច្ចចរចាសន្តិភាព រវាងប៉ាឡេស្ទីននិងអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈុនយីង (Hua Chunying) បានលើកឡើងយ៉ាងដូច្នេះថា «តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ នឹងមកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា»។ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) កាលពីខែមេសាកន្លងទៅ បានប្រាប់សមភាគីអ៉ីស្រាអែល និងប៉ាឡេស្ទីនរបស់លោកថា ប្រទេសចិនស្ម័គ្រចិត្តផ្តល់ការជួយជ្រោមជ្រែងដល់ ដំណើរការចរចាសន្តិភាពរវាងភាគីទាំងពីរ ដែលបានបន្តជាប់គាំងតាំងតែពីឆ្នាំ២០១៤ រហូតមក។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ចិនបាននិងកំពុងស្ថិតក្នុងការធ្វើយុទ្ធនាការការទូតយ៉ាងសស្រាក់សស្រាំ ដោយទើបតែជួយសម្រេចបាន នូវការផ្សះផ្សាទំនាក់ទំនងឡើងវិញកាលពីខែមីនា រវាងប្រទេសអ៉ីរ៉ង់និងអារ៉ាប៊ីសាអូឌីត។ វាជាបញ្ចប់ជម្លោះការទូតនឹងគ្នាចាប់តាំងពីឆ្នាំ២០១៦ រវាងទីក្រុងតេហេរ៉ង់និងទីក្រុងរីយ៉ាដ ហើយក៏ជាសញ្ញាមួយផងដែរ បង្ហាញពីការកើនឡើងឥទ្ធិពលចិននៅមជ្ឈិមបូព៌ា ជាតំបន់ដែលធ្លាប់តែស្ថិតនៅក្រោមឥទ្ធិពល របស់សហរដ្ឋអាមេរិកជាចម្បង អស់រយៈពេលរាប់ទសវត្សរ៍មកហើយ៕