(សេអ៊ូល)៖ ឯកអគ្គរដ្ឋទូតចិននៅទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូងប្រហែលជាកំពុងសម្រេចចិត្តខុសហើយ ជុំវិញការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិក ហើយបានទទូចឱ្យទីក្រុងសេអ៊ូល ឈប់ព្យាយាមដកខ្លួនឃ្លាតឆ្ងាយពីចិន និងស្តារទំនាក់ទំនងសេដ្ឋកិច្ចក៏ដូចជាការទូតឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។
អគ្គរដ្ឋទូតចិនលោក ស៉ីង ហៃមីង (Xing Haiming) បានធ្វើការលើកឡើងដូចខាងលើ កំលុងជំនួបកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជាមួយលោក លី ចែម្យុង (Lee Jea Myung) ដែលជាប្រធានគណបក្សប្រឆាំងធំជាងគេរបស់កូរ៉េខាងត្បូង។ លោក លី ធ្លាប់រិះគន់ទៅលើប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ថា ប្រកាន់ជំហរទោរទន់ជ្រុលទៅរកសហរដ្ឋអាមេរិក ជាហេតុនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។
លោក ស៉ីង បានបន្ទោសថា ទីក្រុងសេអ៊ូលបានបង្កើតបញ្ហាលំបាក នៅក្នុងទំនាក់ទំនាក់ទ្វេភាគីជាមួយចិន តាមរយៈការមិនផ្តល់ការគោរពចំពោះ ផលប្រយោជន៍ស្នូលរបស់ទីក្រុងប៉េកាំង ជាពិសេសរឿងកោះតៃវ៉ាន់ ដោយសារស្ថិតក្រោមឥទ្ធិពលរបស់ទីក្រុងវ៉ាស៉ីនតោន។ លោកអគ្គរដ្ឋទូតចិន បានបន្តយ៉ាងដូច្នេះថា «នៅក្នុងស្ថានភាពមួយ ដែលសហរដ្ឋអាមេរិកកំពុងខំប្រឹងដាក់ សម្ពាធលើចិនយ៉ាងអស់ពីលទ្ធភាព ប្រទេសមួយចំនួនកំពុងភ្នាល់ថា សហរដ្ឋអាមេរិកនឹងឈ្នះ ហើយចិននឹងចាញ់។ នេះគឺជាការវិនិច្ឆ័យខុសសុទ្ធសាធ។ ខ្ញុំអាចធានាបានថា ប្រទេសនានាដែលភ្នាល់ថា ចិននឹងបរាជ័យនោះ គឺច្បាស់ជានឹងស្តាយក្រោយមិនខានឡើយ»។
គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ ទីក្រុងសេអ៊ូលនិងទីក្រុងប៉េកាំង បានផ្លោងពាក្យសម្តីដាក់គ្នា ជុំវិញការអត្ថាធិប្បាយរបស់លោក យូន ស្តីពីកោះតៃវ៉ាន់។ ក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters នាពេលនោះ លោក យូន បាននិយាយថា ការកើនឡើងនៃភាពតានតឹងជុំវិញតៃវ៉ាន់ គឺដោយសារតែការប៉ុនប៉ងកែប្រែស្ថានភាពដើមដោយបង្ខំ ហើយលោកជំទាស់ដាច់ខាត ចំពោះការផ្លាស់ប្តូររបៀបនោះ៕