(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងក្នុងឆាប់ៗនេះ ឬអាចនៅសប្ដាហ៍ក្រោយ ខណៈភាពតានតឹងរវាងមហាអំណាចទាំង២ ហាក់ថមថយកម្ដៅបន្តិច ក្រោយមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីដើម សប្ដាហ៍នេះ។ នេះបើតាមសារព័ត៌មាន Politico ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby កាលពីថ្ងៃអង្គារកន្លងទៅ ក៏បានបញ្ជាក់ដែរថាកិច្ចសន្ទនារវាងក្រុមមន្ត្រីអាមេរិក និងចិន ក្នុងទីក្រុងប៉េកាំង នាពេលថ្មីៗនេះបានផ្ដល់ភាពវិជ្ជមានលើដំណើរទស្សនកិច្ចរបស់លោក Blinken នៅពេលអនាគត ខណៈខាងក្រសួងការបរទេសអាមេរិកឱ្យដឹងថា ការរៀបចំ កាលវិភាគនៃដំណើរទស្សនកិច្ច នឹងធ្វើឡើងនៅពេលលក្ខខណ្ឌអំណោយផល។

ប៉ុន្តែ ខាងក្រសួងការបរទេសអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វីលម្អិតឡើយចំពោះសេចក្ដីថ្លែងការណ៍របស់សារព័ត៌មាន Politico ដែលផ្អែកលើការស្រង់សម្ដីពី ក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយគ្រាន់តែឱ្យដឹងថាមិនទាន់ការប្រកាស ឬការសម្រេចចិត្តផ្លូវការណាមួយជុំវិញដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ទីក្រុងប៉េកាំងនោះទេ។ ចំណែក ខាងស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក ក៏មិនបានទទួលស្គាល់សេចក្ដីរាយការណ៍របស់ Politico នោះដែរ តែនិយាយថាចិនបើកចំហកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក Blinken ធ្លាប់មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានលុបចោល ទៅវិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រទះឃើញ និងក្រោយមកបានបាញ់ទម្លាក់បាឡុងមួយគ្រឿងរបស់ចិន។ មន្ទីរបញ្ចកោណបានអះអាងថាបាឡុងរបស់ចិន ដែលហោះចូលក្នុងដែនអាកាសអាមេរិក គឺជាបាឡុងស៊ើបការណ៍ តែខាងទីក្រុងប៉េកាំងអះអាងថាជាបាឡុងស៊ីវិលធម្មតាប៉ុណ្ណោះ។ ប្រសិនបើ ដំណើរទស្សនកិច្ចនេះ កើតឡើងមែន នោះវានឹងក្លាយជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតមួយរបស់មន្ត្រីអាមេរិកម្នាក់ ទៅកាន់ប្រទេសចិ​ន គិតចាប់តាំងពីដំណើរទស្សនកិច្ចក្នុង ទីក្រុងប៉េកាំង ដោយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo កាលពីឆ្នាំ២០១៨មក៕