(ឡុងដ៍)៖ អស់រយៈពេលជាច្រើនសប្ដាហ៍ ក្រោយគេនាំគ្នានិយាយពីការវាយប្រហារដោយយន្ដហោះដ្រូនរបស់អ៊ុយក្រែន និងការវាយប្រហារឆ្លងដែន លុកលុយចូលក្នុងទឹកដីរុស្ស៉ី ព្រមទាំងប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ ឥលូវគឺដល់វេនរុស្ស៉ីវិញម្ដងដែលកំពុងបង្វែរចំណាប់អារម្មណ៍ និងបង្កអស្ថិរភាព ដល់សត្រូវរបស់ខ្លួន។

គ្រោះមហន្តរាយបាក់ទំនប់ទឹក Nova Kakhovka ស្ថិតនៅតាមដងទន្លេ Dnipro កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនានេះ មើលទៅមិនមែនត្រឹមតែជាសង្រ្គាមចិត្តសាស្ត្រ ប៉ុណ្ណោះទេ។ តែវាក៏នឹងបង្ក ជាផលវិបាកយូរអង្វែងដល់មនុស្ស បរិស្ថាន និងបង្កភាពស្មុគស្មាញដល់យោធាផងដែរ។ អាជ្ញាធរលើកបន្តុបដោយរុស្ស៉ី បានបដិសេធ ការទទួលខុសត្រូវ និងបានចោទប្រកាន់ថាអ៊ុយក្រែនគឺជាអ្នកបំផ្ទុះបំផ្លាញទំនប់ទឹកនេះ។ ទាំងរុស្ស៉ី និងអ៊ុយក្រែនបានទម្លាក់កំហុសដាក់គ្នា ទៅវិញទៅមក ហើយមើលទៅ គេក៏ប្រហែលជានឹងមិនអាចរកមុខអ្នកទទួលខុសត្រូវបាននោះដែរ។ វាអាចទៅរួចថាហេដ្ឋារចនាសម្ព័ន្ធនៃទំនប់ទឹកដែលរងការខូចខាត ដោយសារការទម្លាក់គ្រាប់បែក នាពេលកន្លងមក អាចបណ្ដាលឱ្យទំនប់ទឹកបាក់រលំ។

តែអ្វីដែលគេមើលឃើញ នោះគឺអ៊ុយក្រែនហាក់មិនទទួលបានផលប្រយោជន៍អ្វីជាដុំកំភួនពីការបំផ្លិចបំផ្លាញទំនប់ទឹក ដែលកំពុងបង្កជាមហន្តរាយទឹកជំនន់ នេះទេ។ ផ្ទុយទៅវិញ ការបាក់ទំនប់ទឹក Nova Kakhovka បែរជាអំណោយផលដល់រុស្ស៉ី និងកើតឡើងចំពេលល្អ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយ អ៊ុយក្រែន បង្កើនការវាយប្រហារបស់ខ្លួនលើគោលដៅជាច្រើននៅសមរភូមិមុខ តួយ៉ាងក្នុងតំបន់ភាគខាងកើតនៃប្រទេស។ ការបង្កើនការវាយលុកនេះ ត្រូវបានគេជឿថា ជាការចាប់ផ្ដើមប្រតិបត្តិការវាយបកដែលលោក ហ្សេលេនស្គីបានសន្យារាប់ខែមកហើយ បើទោះជាទីក្រុងកៀវបដិសេធហៅវាថាជាប្រតិបត្តិការវាយបកក៏ដោយ។

កន្លងមក ទីក្រុងមូស្គូធ្លាប់បានបង្ហាញឱ្យគេឃើញពីបំណងរបស់ខ្លួន ក្នុងការប្រើប្រាស់ «ទឹកជំនន់ជាអាវុធ» នៅក្នុងសង្រ្គាមអ៊ុយក្រែន។ កងកម្លាំងរុស្ស៉ី ត្រូវបាន រាយការណ៍ថាបានដំឡើងគ្រឿងផ្ទុះនៅតាមទំនប់ទឹកមួយចំនួនក្នុងប្រទេសអ៊ុយក្រែន កាលពីសរទរដូវឆ្នាំមុន នៅបន្ទាប់ពីយោធាអ៊ុយក្រែនរំដោះបានតំបន់ ត្រើយខាងកើតនៃទន្លេ Dnipro។ កងទ័ពរុស្ស៉ីក៏ធ្លាប់បានវាយប្រហារលើទំនប់ទឹកដទៃទៀតផងដែរ នៅក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកកម្ទេចហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់ថាមពលសំខាន់ៗរបស់អ៊ុយក្រែន។ កាលពីខែកញ្ញា ឆ្នាំ២០២២ រុស្ស៉ីបានបាញ់គ្រូសមីស៊ីលចំនួន ៨គ្រាប់ លើទំនប់ទឹកមួយកន្លែងស្ថិតនៅក្បែរទន្លេ Inhulets ដោយបង្កឱ្យមានទឹកជំនន់ និងបង្អាក់ដល់ភាពរីកចម្រើនទៅមុខនៃការវាយលុករបស់កងទ័ពអ៊ុយក្រែនក្នុងតំបន់នេះ។

ទីក្រុងកៀវ បានចោទប្រកាន់រុស្ស៉ីថាបានបំផ្ទុះបំផ្លាញទំនប់ទឹក Nova Kakhovka ដែលត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៩៥៦មក ក្នុងគោលបំណងទប់ស្កាត់ កងទ័ពអ៊ុយក្រែន កុំឱ្យប្រើប្រាស់ដីកោះនៃទន្លេ Dnipro ដែលរំដោះបាន ធ្វើជាមូលដ្ឋានដ៏រឹងមាំមួយ សម្រាប់ប្រតិបត្តិការបញ្ជូនកងទ័ពឆ្លងទន្លេ វាយដណ្ដើមយក ខេត្ត Kherson ទាំងមូលមកវិញ។ លោក Mykhailo Podolyak ជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក ហ្សេលេនស្គី បានទទួលស្គាល់ការបាក់ទំនប់ទឹកនេះ នឹងបង្កឧបសគ្គដល់សកម្មភាពវាយលុករបស់កងទ័ពអ៊ុយក្រែន ស្របពេលការបាក់ទំនប់ទឹកនេះ បាន និងកំពុងឱ្យទឹកទន្លេ Dnipro ជន់លិចស្ពាន និងផ្លូវជាច្រើន ក្នុងតំបន់ដែលនេះនឹងបង្កការលំបាក ដល់កងទ័ពអ៊ុយក្រែន ក្នុងការឆ្លងទន្លេវាយប្រហារលើកងទ័ពរុស្ស៉ីនៅត្រើយម្ខាងទៀតនៃទន្លេ។

បើតាមក្រុមអ្នកជំនាញយោធាខ្លះ តាមពិតទៅ អ៊ុយក្រែនទំនងជាមិនប្រើប្រាស់ផ្លូវឆ្លងទន្លេនេះ ដើម្បីបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំនោះទេ។ ប៉ុន្តែ ការ បាក់ទំនប់ទឹក Kakhovka នឹងធ្វើឱ្យជម្រើសរបស់អ៊ុយក្រែនកាន់តែរួមតូច ក្នុងការបើកវាយប្រហារទ្រង់ទ្រាយតូចៗ ក្នុងតំបន់ភាគខាងត្បូង ជាការបង្វែរ ការចាប់អារម្មណ៍របស់កងទ័ពរុស្ស៉ី និងគាំទ្រដល់ការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ដទៃ។

មហន្តរាយនេះនឹងផ្ដល់ភាពងាយស្រួលដល់រុស្ស៉ី ដាក់ពង្រាយកងទ័ពឡើងវិញ ទៅកាន់ផ្នែកដែលងាយរងគ្រោះនៃខ្សែការពារកងទ័ព របស់ខ្លួន ខណៈចង់ ឬមិនចង់ ការបាក់ទំនប់ទឹក គឺជាគ្រោះមហន្តរាយមួយដែលអាជ្ញាធរអ៊ុយក្រែន ត្រូវប្រឈមមុខដោះស្រាយ ដែលនេះអាចនឹងប៉ះពាល់ដល់ការផ្ដោតអារម្មណ៍លើ ប្រតិបត្តិការវាយបកដ៏សំខាន់ក្នុងរដូវក្ដៅនេះ។

ការបាក់ទំនប់ទឹក Kakhovka មើលទៅវាស័ក្តិសមនឹងយុទ្ធសាស្ត្ររបស់រុស្ស៉ី ដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងគោលដៅខ្ទប់ដង្ហើមសេដ្ឋកិច្ច អ៊ុយក្រែន ធ្វើឱ្យអ៊ុយក្រែនអស់ខ្យល់ និងក្រោយមក គឺជម្លៀសប្រជាជនក្នុងតំបន់ចេញ។ គួរបញ្ជាក់ថា ក្រៅតែពីស្ថានភាពបន្ទាន់ ការបាក់ទំនប់ទឹកនេះនឹងបង្ក ហានិភ័យដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ការផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធថាមពល។

លើសពីនេះទៅទៀត ការផ្គត់ផ្គង់ទឹកទៅកាន់តំបន់គ្រីមៀគ្រប់គ្រងដោយរុស្ស៉ី ក៏នឹងមានបញ្ហាដែរ។ អ៊ុយក្រែនបានបិទប្រឡាយទឹកមួយ មិនឱ្យទឹកហូរទៅកាន់ ឧបទ្វីបនេះឡើយ។ តែក្រោយការឈ្លានពានក្នុងឆ្នាំ២០២២ រុស្ស៉ីបានគ្រប់គ្រងតំបន់ទំនប់ទឹក Nova Kakhovka ហើយបានចាប់ផ្ដើមផ្គត់ផ្គង់ទឹកសម្រាប់ តំបន់គ្រីមៀឡើងវិញ។

តែយ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ន អ្វីដែលវិមានក្រឹមឡាំងកំពុងផ្ដោត នោះគឺធ្វើយ៉ាងណា អាចទប់ស្កាត់ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនឱ្យបានជោគជ័យ មិនថាប្រើវិធីអ្វីនោះទេ។ ការបំផ្លិចបំផ្លាញទំនប់ទឹក Kakhovka អាចជាការបញ្ជូនសារមួយថារុស្ស៉ី នៅតែមានសមត្ថភាពអាចបង្កើនការធ្វើសង្រ្គាម បានគ្រប់ពេលវេលា ហើយក៏ចង់ផ្ញើសារទៅអ៊ុយក្រែន និងលោកខាងលិចដែរថាមូស្គូនៅមានជម្រើសជាច្រើនទៀតដែលមិនទាន់យកមកប្រើ៕