(ប៉ារីស)៖ ប៉ូលិសបានឱ្យដឹងថា មានក្មេង៤នាក់ និងមនុស្សពេញវ័យ២នាក់បានរងរបួស ក្នុងការវាយប្រហារដោយកាំបិត នៅក្នុងឧទ្យានមួយក្នុងទីក្រុង Annecy ភាគអាគ្នេយ៍របស់ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ ដោយជនរងគ្រោះខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣។
អាជ្ញាធរប៉ូលីសបានបន្ថែមថា «បុរសជនជាតិសីរ៉ីម្នាក់ដែលត្រូវបានគេសង្ស័យថាបានប្រព្រឹត្តការវាយប្រហារនោះ ត្រូវបានចាប់ខ្លួន»។
ការវាយប្រហារនេះបានធ្វើឱ្យមនុស្សសរុបចំនួន ៦នាក់បានរងរបួស ក្នុងនោះមានមនុស្សពេញវ័យ ២នាក់ និងកុមារតូច ៤នាក់នៅក្នុងមណ្ឌលថែទាំផងដែរ។
អាជ្ញាធរប៉ូលីសបានគូសបញ្ជាក់ថា ជនរងគ្រោះទាំងអស់បានរងរបួសធ្ងន់ ចំណែកក្មេង២នាក់ និងមនុស្សធំម្នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានពណ៌នាទង្វើនេះថាជាការវាយប្រហារដ៏កំសាក ដោយលោកបន្ថែមថា ជនរងគ្រោះទាំង «កុមារ និងមនុស្សពេញវ័យគឺនៅចន្លោះរវាងការស្លាប់ និងរស់»៕