(ម៉ិកស៉ីកូ)៖ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា មន្ត្រីកំពូលៗជាច្រើនទៀតអាចនឹងធ្វើតាមរដ្ឋមន្ត្រីការបរទេស ក្នុងការលាឈប់ពីតំណែងដើម្បី ចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការបរទេសម៉ិកស៉ិក លោក ម៉ាសេឡូ អ៉ីប្រាដ (Marcelo Ebrard) ដែលស្ថិតក្នុងចំណោមបុគ្គលមានប្រជាប្រិយភាព ក្នុងការក្លាយជាជាមេដឹកនាំបន្ទាប់របស់ប្រទេសអាមេរិកឡាទីនមួយនេះ បាននិយាយថា លោកនឹងលាលែងពីតំណែងនៅសប្តាហ៍ក្រោយ ដើម្បីផ្តោតលើយុទ្ធនាការក្លាយជាបេក្ខជននៃគណបក្ស MORENA ដែលកំពុងកាន់អំណាច។ លោក អ៉ីប្រាដ បានប្រកាសបែបនេះ បន្ទាប់ពីបានចំណាយពេលជាច្រើនខែ ក្នុងការអំពាវនាវឱ្យអនាគតបេក្ខជនប្រធានាធិបតីនានា នៃគណបក្ស MORENA គួរតែលាលែងពីតួនាទីបច្ចុប្បន្នក្នុងជួររដ្ឋាភិបាល ដើម្បីធានានូវឱកាសស្មើភាពគ្នា ក្នុងដំណើរប្រកួតប្រជែងដើម្បីបន្តតំណែងពី លោក ឡូប៉េស អូប្រាដ័រ ដែលនឹងត្រូវបញ្ចប់អាណត្តិនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤។ បើតាមមន្រ្តីរដ្ឋាភិបាលពីររូប រដ្ឋមន្ត្រីមហាផ្ទៃ លោក អាដាន់ អូហ្គូស្តូ ឡូប៉េស (Adan Augusto Lopez) ក៏គ្រោងនឹងលាលែងពីតំណែងនៅសប្តាហ៍ក្រោយនេះផងដែរ ដើម្បីផ្តោតលើការប្រកួតប្រជែងតំណែងប្រធានាធិបតីម៉ិកស៉ិក។
គួរបញ្ជាក់ថា គណបក្ស MORENA គ្រោងនឹងបើកកិច្ចប្រជុំគណៈកម្មាធិការមួយ នៅថ្ងៃអាទិត្យចុងសប្តាហ៍ ដើម្បីកំណត់លក្ខខណ្ឌប្រកួតប្រជែងផ្ទៃក្នុងបក្ស។ លោក ម៉ារីអូ ដេលហ្កាដូ (Mario Delgado) ដែលជាប្រធានគណបក្ស MORENA និយាយថាបេក្ខជនប្រធានាធិបតី ត្រូវតែចុះចេញពីតំណែង ដើម្បីធានាថាការប្រកួតប្រជែងមានភាពយុត្តិធម៌៕