(តៃប៉ិ)៖ តៃវ៉ាន់បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះយោធាចិនសរុប៣៧គ្រឿង បានហោះចូលមកក្នុងតំបន់ការពារអាកាស ហៅថា ADIZ របស់ខ្លួន ខណៈវាគឺជាការចល័តយន្តហោះយោធារបស់ចិន ក្នុងចំនួនដ៏ច្រើនថ្មីចុងក្រោយមួយទៀត មកក្បែរដែនកោះនេះ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ចាប់តាំងពីម៉ោង៥ព្រឹកថ្ងៃព្រហស្បតិ៍នេះ ខ្លួនបានប្រទះឃើញយន្តហោះរបស់កងទ័ពអាកាសចិន សរុបចំនួន៣៧គ្រឿង ក្នុងនោះមានទាំងយន្តហោះចម្បាំងប្រភេទ J-11 និង J-16 ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកដែលអាចផ្ទុកនុយក្លេអ៊ែរ H-6 ហោះចូលមកម្តុំភាគនិរតីនៃតំបន់ ADIZ របស់តៃវ៉ាន់។ ADIZ គឺជាតំបន់ធំទូលាយមួយ ដែលតៃវ៉ាន់ធ្វើការឃ្លាំមើលនិងល្បាតដើម្បី​ឱ្យកងកម្លាំងរបស់ខ្លួន មានពេលច្រើនគ្រប់គ្រាន់ជាមុន ក្នុងការឆ្លើយតបចំពោះការគំរាមកំហែង។ តំបន់នេះគឺធំលើសពីដែនអាកាស។

គួរបញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាដែនដីមិនអាចកាត់ផ្តាច់បានរបស់ខ្លួន តែងតែធ្វើការចល័ត​យន្តហោះយោធារបស់ខ្លួនជាប្រចាំ ចូលមកក្នុងផ្ទៃអាកាសក្បែរៗកោះតៃវ៉ាន់ ក៏ប៉ុន្តែមិនធ្លាប់ទន្ទ្រានចូលដែនអាកាសរបស់ដែនកោះនេះ តែ​ម្តងនោះឡើយ។ ចំនួនយន្តហោះយោធាច្រើនបំផុត ដែលចិនបានបញ្ជូនចូលមកក្បែរតៃវ៉ាន់ក្នុងឆ្នាំនេះ គឺ៤៥គ្រឿង ក្នុងសកម្មភាពកាលពី​ថ្ងៃទី៩ ខែមេសា៕