(រ៉ាម៉ាឡាហ៍)៖ ការប៉ះទង្គិចគ្នាបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងអ៉ីស្រាអែលបើកការវាយឆ្មក់ដ៏កម្រចូលទៅក្នុងទីក្រុងរ៉ាម៉ាឡាហ៍ (Ramallah) របស់ប៉ាឡេស្ទីន នៅឯតំបន់វេសប៊ែង (West Bank) នាព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ដោយយោធាអ៉ីស្រាអែលអះអាងថា ជាប្រតិបត្តិការមួយដើម្បីវាយកម្ទេចផ្ទះរបស់ភេរវជន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

សាក្សីម្នាក់របស់ Reuters និយាយថា ក្បួនរថយន្តយោធាដ៏ធំមួយបានចូលដល់កណ្តាលទីក្រុងរ៉ាម៉ាឡាហ៍ ដែលជាទីតាំងរបស់រដ្ឋាភិបាលប៉ាឡេស្ទីន និងបាននាំឲ្យពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់ នាំគ្នារត់ទៅប្រមូលផ្តុំនៅទីនោះ។ សាក្សីបន្ថែមថា យុវជនប៉ាឡេស្ទីនមួយចំនួនបានគប់ដុំថ្មទៅលើកងកម្លាំងអ៉ីស្រាអែល ដែលបានបាញ់គ្រាប់ពិត គ្រាប់បែកដៃ និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្ស។

បើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន យ៉ាងហោចណាស់មនុស្ស ៦នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងនោះមាន ៣នាក់រងរបួសដោយគ្រាប់កាំភ្លើង។ ចំណែក យោធាអ៉ីស្រាអែលនិយាយថា កងកម្លាំងរបស់ខ្លួនកំពុងប្រតិបត្តិការនៅទីក្រុងរ៉ាម៉ាឡាហ៍ ដើម្បីវាយកម្ទេចលំនៅឋានរបស់ភេរវជន ដែលធ្លាប់ទម្លាក់គ្រាប់បែកលើទីក្រុងហ្ស៊េរុយសាឡិម កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។

គួរបញ្ជាក់ថា ការបំផ្ទុះពីរលើកបានសម្លាប់មនុស្ស ២នាក់និង ១៤នាក់ផ្សេងទៀតរងរបួស ដោយប៉ូលិសនិយាយថា ជាការបំផ្ទុះគ្រាប់បែកនៅចំណតរថយន្តក្រុង ក្បែរច្រកចេញចូលទីក្រុង និងផ្លូវប្រសព្វដែលនាំទៅដល់ការតាំងទីលំនៅរបស់ជនជាតិអ៉ីស្រាអែល៕