(ម៉ិកស៊ីកូ ស៊ីធី)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី (Ebrahim Raisi) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា នីការ៉ាហ្កា និងវ៉េណេស៊ុយអេឡា នៅសប្ដាហ៍ក្រោយ តបតាមការអញ្ជើញពីប្រធានាធិបតីនៃប្រទេសទាំង៣ ក្នុងតំបន់អាមេរិកឡាទីន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRNA បានឱ្យដឹងទៀតថាឯកសារជាច្រើនស្ដីពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងត្រូវបានចុះហត្ថលេខារវាងអ៉ីរ៉ង់ និងបណ្ដាប្រទេស ទាំង៣ អំឡុងទស្សនកិច្ចរបស់លោក រ៉ៃស៊ី ហើយឯកសារទាំងនេះរួមមានសេដ្ឋកិច្ច នយោបាយ និងវិទ្យាសាស្ត្រ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRNA លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី នឹងផ្ដើមបំពេញដំណើរទស្សនកិច្ចខាងលើ ដោយចាកចេញពីទីក្រុងតេហេរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា។ អ៉ីរ៉ង់ និងវ៉េណេស៊ុយអេឡា គឺជាសមាជិកក្រុមប្រទេសផលិតប្រេងនៃអង្គការ OPEC៕