(ជិតដាស់, អារ៉ាប៊ីសាអូឌីត)៖ មន្ត្រីអាមេរិកម្នាក់ បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បានបើកកិច្ចពិភាក្សាប្រកប ដោយភាពស្មោះត្រង់ និងបើកចំហ ជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន កាលពីថ្ងៃពុធសប្ដាហ៍នេះ លើបញ្ហាជាច្រើនស្ដីពីទំនាក់ទំនងទ្វេភាគីនៃ ប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

លោក Antony Blinken បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារសប្ដាហ៍នេះ សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចំពេលទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ កំពុងមានភាពរកាំរកូសនឹងគ្នា ជុំវិញការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន រាប់ចាប់ពីគោលនយោបាយចំពោះអ៉ីរ៉ង់ រហូតដល់ សន្តិសុខក្នុងតំបន់ ប្រេង និងសិទ្ធិមនុស្ស។ ម្យ៉ាងវិញទៀត ដំណើរទស្សនកិច្ចរបស់លោក Blinken ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត នៅតែបន្ត កាត់បន្ថយការផលិតប្រេង ដោយបដិសេធការអំពាវនាវពីសហរដ្ឋអាមេរិកឱ្យបង្កើនការផលិត ដើម្បីបញ្ចុះតម្លៃប្រេងលើទីផ្សារ សំដៅកាត់បន្ថយចំណូលរបស់រុស្ស៉ី ដែល បានមកពីលក់ប្រេង យកទៅបំប៉នសង្រ្គាមនៅអ៊ុយក្រែន។

បើតាមមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លោក Blinken និងព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន បានជួបពិភាក្សាគ្នារយៈពេល ៤០នាទី ដោយផ្ដោតលើ ប្រធានបទជាច្រើនដូចជា អ៉ីស្រាអែល ជម្លោះនៅយេម៉ែន ចលាចលនៅស៊ូដង់ ព្រមទាំងបញ្ហាសិទ្ធិមនុស្សជាដើម។ មន្ត្រីរូបនេះដដែលបានគូសបញ្ជាក់ដូច្នេះថា «មាន ការឯកភាពគ្នាលើបញ្ហាជាច្រើនដែលយើងមានផលប្រយោជន៍រួមគ្នា ខណៈក៏មានការទទួលស្គាល់ផងដែរពីការខ្វែងគំនិតគ្នាមួយចំនួន»

គួរបញ្ជាក់ថា លោក Antony Blinken និងព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ក៏បានពិភាក្សាគ្នាផងដែរពីលទ្ធភាពសម្រាប់ការភ្ជាប់ទំនាក់ទំនងជាប្រក្រតីរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ដោយភាគីទាំង២យល់ព្រមបន្តសន្ទនាលើបញ្ហានេះ។ តែមិនមានការបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ៕