(កៀវ)៖ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់អ៊ុយក្រែន នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាទីក្រុងកៀវ មិនទាន់បានចាប់ផ្ដើមបើកប្រតិបត្តិការវាយបក ដើម្បីដណ្ដើម យកទឹករបស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញនៅឡើយទេ ហើយមនុស្សគ្រប់គ្នានឹងបានដឹងនៅពេលដែលប្រតិបត្តិការនេះកើតឡើង។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣។

លោក អូឡិចស៊ី ដានីឡូវ (Oleksiy Danilov) ជាលេខាធិការនៃក្រុមប្រឹក្សាការពារ និងសន្តិសុខជាតិអ៊ុយក្រែន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ ជាមួយ Reuters និងជាការបដិសេធទៅនឹងសេចក្ដីថ្លែងការណ៍របស់ក្រុមមន្ត្រីរុស្ស៉ី ដែលអះអាងថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានចាប់ផ្ដើមហើយ។ លោក ដានីឡូវ បានគូសបញ្ជាក់ដូច្នេះថា «វាមិនមែនជាការពិតនោះទេ។ ប្រតិបត្តិការវាយបកចាប់ផ្ដើមនៅពេលណា វាគឺអាស្រ័យទៅលើការសម្រេចចិត្តនៃយោធារបស់ យើង។ នៅពេលដែលយើងចាប់ផ្ដើមប្រតិបត្តិការវាយបក នោះមនុស្សគ្រប់គ្នានឹងបានដឹង ហើយនឹងបានមើលឃើញ»

បើតាមលោក ដានីឡូវ ការអះអាងរបស់ក្រុមមន្ត្រីរុស្ស៉ីពីជោគជ័យលើការទប់ស្កាត់ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រាន់តែជា ការយល់ច្រឡំរបស់ក្រុមមន្ត្រីរុស្ស៉ីខ្លួនឯង ដែលមើលឃើញថាការវាយរុញច្រានទៅមុខរបស់អ៊ុយក្រែននៅតាមសមរភូមិមុខមួយចំនួន គឺជាការចាប់ផ្ដើមប្រតិបត្តិការ វាយបក។

គួរបញ្ជាក់ថា យោធាអ៊ុយក្រែន កាលពីថ្ងៃពុធសប្ដាហ៍នេះបានអះអាងថាកងកម្លាំងរបស់ខ្លួន បានវាយរុញច្រានទៅមុខលើផ្ទៃដីពី ២០០ ដល់ ១,១០០ម៉ែត្រ នៅក្នុង តំបន់សមរភូមិមួយចំនួននៅជុំវិញទីក្រុងបាកមូត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ៕