(កៀវ)៖ លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃពុធនេះថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានសម្លាប់ជនស៊ីវិលពីរនាក់ និងរងរបួសម្នាក់ទៀតនៅក្នុងតំបន់ Sumy ភាគខាងជើងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ​ ទី០៦ ខែមិថុនា ឆ្នាំ២០២៣។

លោក Yermak បានគូសបញ្ជាក់នៅក្នុងកម្មវិធីផ្ញើសារ Telegram ថា យន្តហោះគ្មានមនុស្សបើកឈ្មោះថា «Shahid» ផលិតនៅអ៊ីរ៉ង់ បានបំផ្លាញផ្ទះឯកជនមួយខ្នង ហើយបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះ។

ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីបានទម្លាក់គ្រាប់បែកនៅតំបន់ព្រំដែននៅភាគឦសានជាច្រើនដងពេញមួយយប់ និងនៅព្រឹកថ្ងៃពុធនេះ៕