(ប៉េកាំង)៖ នាថ្ងៃពុធនេះ មហាសេដ្ឋីចិនមួយរូប បានចូលរួមជាមួយយុវជនចិនរាប់លាននាក់ ក្នុងការប្រឡងចូលមហាវិទ្យាល័យដ៏លំបាក ហៅថា ហ្កៅកៅ (Gaokao) របស់ប្រទេសចិន ខណៈវាជាលើកទី២៧ហើយសម្រាប់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

លោក លាំង ស៉ី (Liang Shi) ដែលបច្ចុប្បន្នមានវ័យ៥៦ឆ្នាំ មានប្រវត្តិធ្លាប់ធ្វើការងារតូចតាចនៅតាមរោងចក្រ រហូតដល់បង្កើតអាជីវកម្ម​ជោគជ័យផ្ទាល់ខ្លួន និងក្លាយជាមហាសេដ្ឋី ប៉ុន្តែរូបលោកនៅរក្សាក្តីសុបិន្តមួយជាប់ជានិច្ច នោះគឺការទទួលបានពិន្ទុខ្ពស់គ្រប់គ្រាន់ក្នុងការប្រឡង ហ្កៅកៅ ដើម្បីអាចចូលសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូល Sichuan University។ សិស្សវិទ្យាល័យចិនជិត១៣លាននាក់ បានចូលរួមការប្រឡងក្នុងឆ្នាំនេះ។ មហាសេដ្ឋីចិនរូបនេះ បាននិយាយថា លោកពិតជាចង់ចូលរៀននៅសាកលវិទ្យាល័យ ហើយក្លាយជា​អ្នកមានចំណេះដឹងជ្រៅជ្រះម្នាក់ណាស់។

គួរបញ្ជាក់ថា អំលុង៤ទសវត្សរ៍មកនេះ លោក លាំង ធ្លាប់បានព្យាយាមប្រឡងចូលមហាវិទ្យាល័យសរុប២៦លើកហើយ តែទទួលបរាជ័យ​រហូត។ លោក លាំង ស៉ី បានចូលរួមការប្រឡងជាលើកដំបូង កាលពីឆ្នាំ១៩៨៣ នៅពេលលោកមានអាយុត្រឹម១៦ឆ្នាំប៉ុណ្ណោះ។ សម្រាប់​រយៈពេលមួយទសវត្សរ៍បន្ទាប់ លោកបានបន្តព្យាយាមខិតខំ បង្កើនពិន្ទុរបស់លោក ប៉ុន្តែតែត្រូវបោះបង់ចោលនៅឆ្នាំ១៩៩២ ដ្បិតពេលនោះ ការប្រឡង ហ្កៅកៅ ត្រូវបានរឹតត្បិតដោយអនុញ្ញាតឱ្យតែអ្នកនៅលីវ និងមានអាយុក្រោម២៥ឆ្នាំ ចូលរួមប៉ុណ្ណោះ។

នៅពេលការរឹតត្បិត ត្រូវ​បានដកចេញកាលពីឆ្នាំ២០០១ លោក លាំង ក៏បានបន្តការព្យាយាមឡើងវិញ ដោយចាប់តាំងពីពេលនោះ លោក​បានចូលប្រឡង១៦លើកទៀត។ ចាប់តាំងពីឆ្នាំ២០១០ លោកបានចូលរួមប្រឡងរៀងរាល់ឆ្នាំ សូម្បីតែនៅពេលវិធានការរឹតត្បិត​កូវីដ១៩ បានធ្វើបង្កផលលំបាកជាងធម្មតា ចំពោះការប្រឡងក៏ដោយ។ សម្រាប់យុវជនចិនទូទៅ ដែលទើបបញ្ចប់ការសិក្សា ការទទួលបាន​លទ្ធផលល្អក្នុងការប្រឡង ហ្កៅកៅ គឺអាចកំណត់គោលដៅនៃឆាកជីវិតរបស់ពួកគេបាន ព្រោះបរិញ្ញាបត្រពីសាកលវិទ្យាល័យល្បីឈ្មោះ អាចឱ្យផ្តល់ពួកគេនូវការគោរព ឋានៈ និងឱកាសការងារល្អប្រសើរ៕