(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា យុវជនកូរ៉េខាងជើងមួយក្រុមបានបរិច្ចាគ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ដល់យោធាដែលជាការបង្ហាញនូវ «ទឹកចិត្តស្នេហាជាតិដ៏ក្លៀវក្លា» របស់ពួកគេ ខណៈដែលប្រទេសឯកោមួយនេះកំពុងមើលឃើញថាខ្លួនរងការគំរាមកំហែង ពីបរទេសកាន់តែខ្លាំងឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។

ការបរិច្ចាគសម្ភារយោធានេះធ្វើឡើងនៅក្នុងពិធីមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ខណៈក្រុម Korean Children's Union ដែលជាក្រុមយុវជននយោបាយ បានប្រារព្ធខួបលើកទី៧៧ របស់ខ្លួន។ ក្រុមនេះបង្កើត​ឡើង​ដើម្បី​លើក​កម្ពស់​មនោគមវិជ្ជា​នយោបាយ​របស់​កូរ៉េខាងជើង​ ដែល​កំណត់លើការពឹងផ្អែក លើខ្លួនឯង។

KCNA បានរាយការណ៍ថា ពិធីកាលពីថ្ងៃអង្គារនោះក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាចរបស់កូរ៉េខាងជើងផងដែរ។ ប្រព័ន្ធបាញ់រ៉ុក្កែត ដែលបានបរិច្ចាគត្រូវបានគេដាក់ឈ្មោះថា «Sonyeon» ដែលមានន័យថាក្មេងប្រុស នៅក្នុងភាសាកូរ៉េ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើងបានបង្កើនកិច្ចខិតខំប្រឹងប្រែងឃោសនា រួមទាំងការរៀបចំបាតុកម្មដោយមាននូវ ការដុតរូបសំណាកមេដឹកនាំកូរ៉េខាងត្បូង និងអាមេរិក ហើយបង្កើនការជូនដំណឹងស្តីពីកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួនទៅក្រៅប្រទេសផងដែរ៕