(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បានអះអាងថាកងកម្លាំងរបស់លោកបានទប់ស្កាត់ប្រតិបត្តិការវាយបករយៈពេល៣ថ្ងៃដំបូង របស់អ៊ុយក្រែនបានដោយជោគជ័យ ខណៈទាហានអ៊ុយក្រែនច្រើនជាង ៣,៧០០នាក់បានស្លាប់ និងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក សយហ្គូ បានគូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ របបអ៊ុយក្រែនបានបើកប្រតិបត្តិការ វាយបកលើទីតាំងជាច្រើនផ្សេងៗគ្នា នៅឯសមរភូមិ។ តែការប៉ុនប៉ងនេះត្រូវបានទប់ស្កាត់ សត្រូវត្រូវបានបញ្ឈប់។ សត្រូវមិនអាចសម្រេចគោលដៅរបស់ខ្លួននោះទេ ហើយថែមទាំងរងការខាតបង់ធ្ងន់ធ្ងរទៀតផង»។ លោករដ្ឋមន្ត្រីការពារជាតិរុស្ស៉ី បានបន្ថែមដែរថាទាហានអ៊ុយក្រែន ៣,៧១៥នាក់បានស្លាប់ និងរងរបួសក្នុងរយៈពេល ៣ថ្ងៃកន្លងទៅ ព្រមទាំងបាត់បង់រថក្រោះ ៥២គ្រឿង និងរថពាសដែក ២០៧គ្រឿង។ ចំណែក ខាងរុស្ស៉ីវិញបានបាត់កងទ័ព ៧១នាក់ និង២១០នាក់ បានរងរបួស នៅក្នុងការវាយប្រហាររុញច្រានប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ហើយខាតបង់រថក្រោះ១៥គ្រឿង និងរថពាសដែក៩គ្រឿង។
ក៏ប៉ុន្តែ ខាងក្រសួងការពារជាតិអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាងរបស់រុស្ស៉ី នោះទេ។ អ៊ុយក្រែនមានចេតនាលាក់បាំងពីប្រតិបត្តិការវាយបក របស់ខ្លួន ដោយមិនបានប្រាប់ឱ្យដឹងថាប្រតិបត្តិការនេះបានចាប់ផ្ដើមហើយ ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែនិយាយជារឿយៗថាត្រៀមខ្លួនជាស្រេចដើម្បីបើក ប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់ខ្លួនដែលរុស្ស៉ីកំពុងគ្រប់គ្រងត្រឡប់មកវិញ៕